
នាវាមួយគ្រឿងដែលកំពុងដឹកចៀមប្រមាណជា១៤.០០០ក្បាល និងគោចំនួន២.០០០ក្បាល បានចូលចត ក្នុងប្រទេសអូស្រ្ដាលីនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមប៉ុន្ដែបសុសត្វទាំងនេះ នៅតែជាប់លើនាវានៅឡើយ ខណៈរដ្ឋាភិបាលបានសម្រេចថាតើ ត្រូវអនុញ្ញាតឲ្យយកចេញ ឬក៏ត្រូវបញ្ជូនពួកវាអោយត្រឡប់ទៅកាន់សមុទ្រវិញ។
សត្វទាំងនេះ បានស្ថិតនៅលើនាវាតាំងពីថ្ងៃទី៥មករា ។ មន្រ្ដីរដ្ឋាភិបាល និងឧស្សាហកម្មនិយាយថា សត្វទាំងនេះ មានសុខភាពល្អនៅឡើយ ប៉ុន្ដែ អ្នកតស៊ូមតិសុខុមាលភាពសត្វ បានហៅការជាប់លើនាវានោះថា ជាការធ្វើទារុណកម្មដ៏ព្រៃផ្សៃ។
ស្ថិតនៅក្រោមស្ថានភាពដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធហ៊ូធីរបស់យ៉េម៉ែនទៅលើការដឹកជញ្ជូនក្នុងសមុទ្រក្រហមនោះ ដូច្នេះ ការធ្វើពាណិជ្ជកម្មសកលក៏ត្រូវជាប់គាំងផងដែរ។
នាវា ឈ្មោះMV Bahijah (អឹមវីបៃហៃចាស) បានបង្វែរទិសដៅចេញពីដំណើរផ្លូវរបស់វាពីប្រទេស
អូស្រា្ដលីទៅប្រទេសអ៊ីស្រាអែល ប៉ុន្ដែដោយសារតែមានការគំរាមវាយប្រហារ ដូច្នេះរដ្ឋាភិបាលអូស្រា្ដលី បានបញ្ជាអោយត្រឡប់ទៅកាន់ប្រទេសនេះវិញ។
នាវានេះ បានចូលចតនៅក្រុងជាប់មាត់សមុទ្រហ្រ្វេមិនថល(Frremantke)តាំងពីថ្ងៃច័ន្ទទី២៩មករា នៅក្នុងរលកកម្តៅក្តៅខ្លាំងនារដូវក្ដៅ៕