
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែមករា) នេះ បាននិយាយថា មិនមាន «ផែនការ B» ពាក់ព័ន្ធនឹងជំនួយរបស់សហភាពអឺរ៉ុប សម្រាប់ប្រទេសអ៊ុយក្រែន ហើយនាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban ដែលកំពុងរារែកនឹងរឿងនេះ ត្រូវតែសម្រេចចិត្តថា តើហុងគ្រី គឺជា «ផ្នែកនៃសហគមន៍របស់យើង» ដែរ ឬទេ។
នៅមុនកិច្ចប្រជុំកំពូលនៃបណ្ដាមេដឹកនាំប្រទេសសមាជិកទាំង២៧ របស់សហភាពអឺរ៉ុប លោក Tusk បាននិយាយថា៖ «យើងត្រូវតែប្រឹងប្រែងឲ្យអស់លទ្ធភាព ប្រកបដោយយុត្តិធម៌ ប៉ុន្តែមិនមានកន្លែងសម្រាប់ការសម្របសម្រួលនោះទេ។ មិនមានគោលនយោបាទអព្យាក្រឹត្យនោះឡើយ ដោយអ្នកមិនអាចឈរនៅខាងអ៊ុយក្រែនផង ឬខាងរុស្ស៊ីផងបានទេ»។
លោក Orban គឺជាមេដឹកនាំតែម្នាក់គត់ ក្នុងចំណោមមេដឹកនាំទាំង ២៧រូប ដែលបានសម្តែងការមិនយល់ព្រម ចំពោះកញ្ចប់ជំនួយរបស់ EU និងដែលបានស្នើសុំការបោះឆ្នោតប្រចាំឆ្នាំលើជំនួយរយៈពេលវែង។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគេមើលឃើញថា ជាឱកាសចុងក្រោយ ដើម្បីឈានដល់កិច្ចព្រមព្រៀងលើផែនការរយៈពេល ៤ឆ្នាំ សម្រាប់ជំនួយសេដ្ឋកិច្ចចំនួន ៥០ពាន់លានអឺរ៉ូ (៥៣,៩៣ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន ដែលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ២០២២ មក។
ប្រទេសហុងគ្រីដែលសាងទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ បាននិងកំពុងជំរុញឲ្យមានការត្រួតពិនិត្យប្រចាំឆ្នាំ ដែលនឹងផ្តល់ឲ្យខ្លួននូវសិទ្ធិវេតូលើការចាយវាយជារៀងរាល់ឆ្នាំ៕