
ប្រធានកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) បានឲ្យដឹងថា បណ្ដាមេដឹកនាំនៃប្រទេសមាជិក EU នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ) នេះ បានយល់ព្រមជាឯកច្ឆន្ទ ដើម្បីបន្តផ្តល់ជំនួយថ្មីចំនួន ៥០ពាន់លានអឺរ៉ូ (៥៤ពាន់លានដុល្លារ) ដល់អ៊ុយក្រែន ដោយជម្នះលើការជំទាស់ជាច្រើនសប្តាហ៍ពីប្រទេសហុងគ្រី។
ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក Charles Michel បានឲ្យដឹងតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «យើងបានឈានដល់កិច្ចព្រមព្រៀង។ នេះជាការរួបរួមសាមគ្គីគ្នា។ បណ្ដាមេដឹកនាំប្រទេសសមាជិកទាំង២៧ បានយល់ព្រមលើកញ្ចប់ជំនួយបន្ថែមចំនួន ៥០ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន នៅក្នុងថវិកាសហភាពអឺរ៉ុប»។
កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីមានការប្រទាញប្រទង់ជាច្រើនសប្តាហ៍ជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលបានវេតូកញ្ចប់ជំនួយនេះ កាលពីខែធ្នូឆ្នាំមុន។
មុនពេលកិច្ចប្រជុំកំពូលចាប់ផ្តើម បណ្ដាមេដឹកនាំសហភាពអឺរ៉ុបបានដាក់សម្ពាធលើប្រទេសហុងគ្រីឲ្យលុបចោលការរារាំងរបស់ខ្លួន ដោយប្រាប់លោក Orban ថា លោកត្រូវតែជ្រើសរើសភាគីម្ខាង នៅក្នុងបញ្ហាប្រឈមដែលមានស្រាប់ដែលបង្កឡើងដោយសង្រ្គាមរបស់រុស្ស៊ី៕