
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ) នេះ បាននិយាយថា ការអនុម័តរបស់សហភាពអឺរ៉ុប (EU) លើកញ្ចប់ជំនួយដល់អ៊ុយក្រែន នឹងពង្រឹងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរយៈពេលវែង ខណៈដែលសង្រ្គាមជាមួយរុស្ស៊ី ខិតជិតដល់ឆ្នាំទី៣ ហើយ។
តាមរយៈវេទិការបស់បណ្ដាញសង្គម X លោក Zelenskiy បានលើកឡើងថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់ដែលការសម្រេចត្រូវបានធ្វើឡើងដោយមេដឹកនាំទាំង២៧ ដែលបង្ហាញឲ្យឃើញពីឯកភាពដ៏រឹងមាំរបស់សហភាពអឺរ៉ុបជាថ្មីម្តងទៀត»។
លោកបានបន្ថែមថា៖ «ការបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែននឹងពង្រឹងដល់ស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរយៈពេលវែង ដែលមានសារៈសំខាន់មិនចាញ់ជំនួយយោធា និងសម្ពាធដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីនោះឡើយ»។
ក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន បាននិយាយថា ប្រទេសអ៊ុយក្រែនរំពឹងថា នឹងទទួលបានប្រាក់ជំនួយដំបូងចំនួន ៤,៥ពាន់លានអឺរ៉ូ (៤,៩ពាន់លានដុល្លារ) ពីមូលនិធីរបស់សហភាពអឺរ៉ុប ក្នុងខែមីនា។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Serhiy Marchenko បាននិយាយថា ចំនួន ៣៩ពាន់លានអឺរ៉ូ ក្នុងចំណោមមូលនិធិរយៈពេល ៤ឆ្នាំ ចំនួន ៥០ពាន់លានអឺរ៉ូ នឹងត្រូវបាននាំយកទៅប្រើប្រាស់ក្ដោបលើតម្រូវការថវិការបស់អ៊ុយក្រែន៕