អ៊ីស្រាអែល បានត្រៀមខ្លួនក្នុងការវាយរុលក្នុងសង្រ្គាមរបស់ខ្លួននៅតំបន់ហ្កាហ្សា នៅចុងភាគខាងត្បូងជិតព្រំដែនអេហ្ស៊ីប បន្ទាប់ពីបានអះអាងថាបានកម្ចាត់ក្រុមហាម៉ាស នៅក្រុងខាន់ យូនីស (Khan Younis) ខណៈកិច្ចខិតខំប្រឹងប្រែងការទូតក្នុងការស្វែងរកបទឈប់បាញ់ត្រូវបានពន្លឿន ហើយក្រុមហាម៉ាស កំពុងថ្លឹងថ្លែងសំណើបទឈប់បាញ់ដែលខ្លួនបានទទួល។

រដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងទីក្រុង ខាន់ យូនីស ភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែលអ៊ីស្រាអែលបានបើកការវាយប្រហារថ្មើរជើងដ៏ធំកាលពីសប្តាហ៍មុន មានន័យថាកងកម្លាំងរបស់ខ្លួនអាចឈានទៅដល់ទីក្រុងរ៉ាហ្វាហ្វ (Rafah) នៅតាមព្រំដែនភាគខាងត្បូងនៃតំបន់នោះ។

ជាងពាក់កណ្តាលនៃប្រជាជន ២,៣លាននាក់នៅតំបន់ហ្កាហ្សា កំពុងស្នាក់នៅក្នុងតំបន់នេះ ដែលភាគច្រើនកំពុងជួបការលំបាក និងភាពស្រេកឃ្លាននៅក្នុងតង់បណ្តោះអាសន្ន និងអគារសាធារណៈផ្សេងៗ។

ក្នុងពេលជាមួយគ្នានេះ អ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប សង្ឃឹមថាមានការឆ្លើយតបជាវិជ្ជមានពីក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ទៅនឹងសំណើជាក់ស្តែងដំបូងដើម្បីបញ្ឈប់ការបន្តប្រយុទ្ធ ដែលបានយល់ព្រមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក្នុងកិច្ចពិភាក្សានៅទីក្រុងប៉ារីសកាលពីសប្តាហ៍មុន៕