ប្រជាកសិករបានគប់ស៊ុត និងដុំថ្មទៅលើសភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ដោយចាប់ផ្តើមបំពួកភ្លើងនៅជិតអគារ និងអុជកាំជ្រួចស្របពេលមានការតវ៉ាដើម្បីដាក់សម្ពាធលើកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំសហភាពអឺរ៉ុប ឲ្យធ្វើការងារបន្ថែមទៀតក្នុងការជួយពួកគេទាក់ទងនឹងការដំឡើងពន្ធ និងការឡើងថ្លៃម្ហូបអាហារនៅលើទីផ្សារប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។

កសិករពោពេញដោយកំហឹងបានដុតភ្លើងជាច្រើនកន្លែងនៅទីលានកណ្តាលទីក្រុងបព្រុចសែលកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែកុម្ភៈ ក្រោយមកត្រូវបានបណ្តេញចេញដោយនគរបាល បន្ទាប់ពីការតវ៉ាមួយថ្ងៃ ដែលបានធ្វើឱ្យកក្រើករដ្ឋធានីបែលហ្ស៊ិក។

ក្រុមអ្នកតវ៉ាបានព្យាយាមរុះរើរបាំងដែលបានដំឡើងនៅមុខសភា រារាំងប្លុកមួយចំនួន ជាទីតាំងដែលកិច្ចប្រជុំកំពូលកំពុងប្រព្រឹត្តទៅ ប៉ុន្តែកងកម្លាំងនគរបាល បានរុញពួកគេត្រឡប់ទៅវិញ ដោយប្រើ ទុយោទឹក។ នគរបាលក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកផងដែរ។

មន្ត្រីម្នាក់ក្នុងតំបន់បាននិយាយថា រូបសំណាកមួយនៅលើទីលានដែលកសិករប្រមូលផ្តុំនៅជិតសភាជាមួយត្រាក់ទ័ររបស់ពួកគេត្រូវបានខូចខាត។
យោងតាមការប៉ាន់ប្រមាណរបស់នគរបាល ផ្លូវសំខាន់ៗនៅទីក្រុងព្រុចសែល ដែលជាបេះដូងនៃសហភាពអឺរ៉ុប ត្រូវបានរារាំងដោយត្រាក់ទ័រប្រហែល១.៣០០គ្រឿង ។
ក្រុមប្រជាកសិករនិយាយថា ពួកគេពុំបានទទួលប្រាក់ខែគ្រប់គ្រាន់ ហើយត្រូវជាប់ពន្ធទៀត និងច្បាប់បៃតងឬគោលនយោបាយបរិស្ថាន ប្រឈមនឹងការប្រកួតប្រជែងមិនយុត្តិធម៌ពីបរទេស៕