ក្នុងទីផ្សារកណ្ដាលវាលមួយនៅទីក្រុងណានតេស (Nantes)ភាគខាងលិចប្រទេសបារាំង ក្រុមអាជីវករលក់បន្លែមើមដែលផលិតក្នុងស្រុកដូចជាដំឡូង និងផ្កាខាត់ណា ក៏ដូចជាផ្លែឈើនាំចូលពីបរទេសដូចជាប្រេស៊ីល និងប៉េរូ ជាដើម ។

កសិករដែលបានតវ៉ាអស់រយៈពេលមួយសប្តាហ៍នៅទូទាំងប្រទេសបារាំងបានរិះគន់ផលិតផលដែលនាំចូលពីបរទេសមានតម្លៃទាប ហើយបានជំរុញឲ្យអតិថិជនទិញនិងបរិភោគផលិតផលក្នុងស្រុក ខណៈប្រជាពលរដ្ឋរឹតត្បិតលើការចំណាយដោយសារទំនិញនៅតាមទីផ្សារមានតម្លៃខ្ពស់ពេក។

ចំនួនដ៏ច្រើននៃការនាំចូលពីអ៊ុយក្រែន ដែលសហភាពអឺរ៉ុបបានលើកលែងកូតា និងកាតព្វកិច្ចចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី និងការចរចាជាថ្មីដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងប្លុកអាមេរិកខាងត្បូងហៅថាមើកកូស៊រ(Mercosur)បានធ្វើឱ្យមានការមិនសប្បាយចិត្តលើការប្រកួតប្រជែងមិនយុត្តិធម៌នៅក្នុងលើផលិតផលស្ករ គ្រាប់ធញ្ញជាតិ និងសាច់។
ក្រុមប្រជាកសិករមិនសប្បាយចិត្តចំពោះការនាំចូលនេះ ដោយសារពួកគេនិយាយថាការនាំចូលមានតម្លៃថោកបែបនេះ បានដាក់សម្ពាធលើតម្លៃរបស់អឺរ៉ុប ព្រោះមិនត្រូវតាមស្តង់ដារបរិស្ថានដែលដាក់លើកសិករសហភាពអឺរ៉ុប។

ការតវ៉ារបស់ពួកគេដែលជាផ្នែកមួយនៃចលនារបស់អឺរ៉ុបដែលចេះតែកើនឡើង បានទាញយកសម្បទានពីរដ្ឋាភិបាលរួចហើយ រួមទាំងនាយករដ្ឋមន្ត្រី លោកហ្គាប្រៀលអាតាល់(Gabriel Attal) ដែលបាននិយាយថា ប្រទេសបារាំងនឹងរារាំងការនាំចូលផលិតផលមានតម្លៃទាប ដែលប្រើថ្នាំសម្លាប់សត្វល្អិត ត្រូវបានហាមប្រាមនៅក្នុងទ្វីបអឺរ៉ុប។លោក Attal ក៏បាននិយាយផងដែរថា រដ្ឋាភិបាលនឹងបញ្ឈប់ការដាក់បទបញ្ជាតឹងរ៉ឹងលើកសិកររបស់ខ្លួនជាងតម្រូវការបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប។ និយាយពីអ្នកប្រើប្រាស់វិញ លើកឡើងថាពួកគេគាំទ្រនិងទិញផលិតផលដែលផលិតពីបារាំង ជាពិសេសផ្លែឈើ បន្លែ និងសាច់ បើទោះបីជាតម្លៃខ្ពស់ជាង បើធៀបនឹងទំនិញនាំចូលក៏ដោយ៕