អ៊ុយក្រែន បានសាទរចំពោះការយល់ព្រមរបស់សហភាពអឺរ៉ុប លើកញ្ចប់ជំនួយដ៏សំខាន់មួយកាលពីថ្ងៃព្រហស្បតិ៍ (០១ កុម្ភៈ) ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា ការគាំទ្រនេះគឺជា «សញ្ញាច្បាស់លាស់» ទាំងចំពោះរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលកញ្ចប់ជំនួយត្រូវបានជាប់គាំងឡើងនៅក្នុងសភា ហើលោកសង្ឃឹមថាអាមេរិក និងសម្រេចការផ្ដល់ជំនួយឆាប់ៗ។

រដ្ឋាភិបាលរបស់លោក ហ៊្សេឡិនស្គី បាននិយាយថា កិច្ចព្រមព្រៀងនេះគឺមាន «សារៈសំខាន់ណាស់» សម្រាប់ស្ថិរភាពរបស់អ៊ុយក្រែន នៅមុនខួបពីរឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី ក្នុងខែនេះ។
ឧបនាយករដ្ឋមន្ត្រីទីមួយ លោកស្រី យូលីយ៉ា ស្វីរីដេនខូ (Yulia Svyrydenko) បានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលរំពឹងថានៅឆ្នាំនេះនឹងទទួលបាន ១៨ ពាន់លានអឺរ៉ូនៃទឹកប្រាក់ចំនួន ៥០ ពាន់លានអឺរ៉ូ (៥៤ ពាន់លានដុល្លារ) ដែលជាកញ្ចប់ថវិការយៈពេល ៤ឆ្នាំរបស់សហភាពអឺរ៉ុប ដែលត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍។

អ៊ុយក្រែន ពឹងផ្អែកលើការគាំទ្រផ្នែកហិរញ្ញវត្ថុពីសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រាក់សោធននិវត្តន៍ ប្រាក់ឈ្នួលក្នុងវិស័យសាធារណៈ ព្រមទាំងការចំណាយសង្គម និងមនុស្សធម៌ជាមួយនឹងថវិការរបស់លោកខាងលិច។
ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ទីក្រុងគីវ បានទទួលជំនួយហិរញ្ញវត្ថុអន្តរជាតិប្រហែល ៧៣,៦ ពាន់លានដុល្លារ រួមទាំងថវិកាចំនួន ២៧,៥ ពាន់លានដុល្លារពីសហភាពអឺរ៉ុប៕