ក្នុងនាមឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ឯកឧត្តម ហ្សាក់ ប៉ីឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយស ឡា ឡេស្យុង ដោនើរ ថ្នាក់អស្សឫទ្ធិ ជូនឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៤។

ឡា ឡេ ស្យុង ដោនើរ គឺជាគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមជាងគេបំផុតរបស់ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើង ដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត កាលពីឆ្នាំ១៨០២។ គ្រឿងឥស្សរិយយសនេះអាចប្រគល់ជូនជនបរទេស ដែលបានបំពេញការងារសម្រាប់ប្រទេសបារាំង ឬបានលើកស្ទួយបុព្វហេតុនានា ដែលប្រទេសបារាំងការពារ។ នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសខាងលើមានការចូលរួមពីក្រុមគ្រួសាររបស់ឯកឧត្តមរដ្ឋមន្ត្រី និងឥស្សរជន ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហសេវិករបស់ឯកឧត្តម ដែលបម្រើការនៅក្រសួងសុខាភិបាល។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីស្នាដៃរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានរួមចំណែកលើកកម្ពស់ចំណងទាក់ទងដ៏ស្អិតរមួតរវាងប្រទេសបារាំង និងកម្ពុជា ក្នុងវិស័យសុខាភិបាល ជាពិសេសក្នុងវិស័យមន្ទីរពេទ្យ តាមរយៈតួនាទីប្រកបដោយការទទួលខុសត្រូវរបស់ឯកឧត្តមនៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ មន្ទីរពេទ្យកាល់ម៉ែតត្រូវបានជ្រើសរើសជាមន្ទីរពេទ្យបង្អែកថ្នាក់ជាតិ ដើម្បីទទួលជំនួយពីប្រទេសបារាំង លើការកសាងប្រព័ន្ធមន្ទីរពេទ្យឡើងវិញ។ ឯកឧត្តម ឈាង រ៉ា បានបំពេញការងារនៅមន្ទីរពេទ្យកាល់ម៉ែត រយៈពេលជាង២៥ឆ្នាំ ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០២៣ ដំបូងក្នុងនាមជាអគ្គនាយករង និងបន្ទាប់មកជាអគ្គនាយក។

ឯកឧត្តម ហ្សាក់ ប៉ុឡេ បានគូសបញ្ជាក់ថា ៣០ឆ្នាំក្រោយមក គោលដៅរបស់យើងត្រូវបានសម្រេចយ៉ាងពេញលេញ ហើយឯកឧត្តម ឈាង រ៉ា គឺជាតួអង្គដ៏សំខាន់ម្នាក់នៃជោគជ័យនេះ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការបំពេញការងារមិនចេះនឿយហត់ប្រកបដោយវិជ្ជាជីវៈរបស់ឯកឧត្តម។ ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពី ភាពរីកចម្រើនគួរឱ្យកត់សម្គាល់ដែលកម្ពុជាសម្រេចបានក្នុងវិស័យសុខាភិបាលចាប់តាំងពីឆ្នាំ១៩៩៣ ដោយបានសង្កេតឃើញពីចំណេះដឹងជ្រៅជ្រះផ្នែកវេជ្ជសាស្ត្រ និងគ្រូពេទ្យប្រកបដោយបទពិសោធន៍ខ្ពស់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍បច្ចេកវិទ្យាទំនើបៗ។

ក្នុងឱកាសនោះ ឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលបានគាំទ្រយ៉ាងមោះមុត និងឥត ងាករេរដល់វិស័យសុខាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកផងដែរពីឥស្សរជនបារាំងជាច្រើនរូបដែលបាន ប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកនេះជួយឲ្យវិស័យសុខាភិបាលនៅកម្ពុជាមានការរីកចម្រើន។ ឯកឧត្តម បានមានប្រសាសន៍ថា ការរីកចម្រើនដែលសម្រេចបានគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួម ហើយវាក៏ជា មោទនភាពរួមផងដែរ។ ជាងនេះទៅទៀត ឯកឧត្តមសង្ឃឹមជឿជាក់លើការជួយជ្រោមជ្រែងពីអ្នកជំនាញបារាំង ដើម្បីបន្តកិច្ចសហប្រតិបត្តិការសុខាភិបាលមួយដោយ «រលូន និងទំនុកចិត្ត»។ ប្រទេសបារាំងបានប្រឹងប្រែងយ៉ាងខ្លាំង ទាំងផ្នែកធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការពង្រឹងវិស័យសុខាភិបាលសាកល ដើម្បីឆ្លើយតបគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្ននៅប្រទេសកម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបារាំងស្តែងឡើងតាមរយៈការគាំទ្រដល់ការបណ្តុះបណ្តាលនិស្សិតពេទ្យ ដោយជាមធ្យមនិស្សិត៧០នាក់ចេញទៅប្រទេសបារាំងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងជំនាញឯកទេសនៅតាមបណ្តាមន្ទីរពេទ្យបារាំង។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងសាកលវិទ្យាល័យបារាំង និងសាកលវិទ្យាល័យកម្ពុជា និងតាមរយៈការដាក់អ្នកជំនាញបច្ចេកទេសអន្តរជាតិនៅតាមស្ថាប័នសុខាភិបាលសំខាន់ៗ។ ប្រទេសបារាំងក៏ចូលរួមយ៉ាងសកម្មផងដែរ ក្នុងការស្រាវជ្រាវផ្នែកសុខភាពសាធារណៈ ជាពិសេសតាមរយៈស្ថាប័នស្រាវជ្រាវបារាំង ក្នុងនោះមានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា(IPC) វិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD) ទីភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ ជំងឺថ្លើម និងជំងឺឆ្លងថ្មីៗ (ANRS/MIE) និងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិស្រាវជ្រាវផ្នែកក្សេត្រសាស្ត្រសម្រាប់អភិវឌ្ឍន៍ (CIRAD)៕ អត្ថបទ៖ រដ្ឋា








