ត្បូងឃ្មុំ ៖ ក្រុមការងារគណៈកម្មការទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដឹកនាំដោយលោក សាំង សែន សមាជិកគណៈកម្មការ និងជាប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ បាននាំយកអង្ករចំនួន ៤០០គីឡូក្រាម និងថវិការបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ចំនួន ៨លានរៀល ជូនដល់កម្លាំងចំរុះទាំងបីប្រភេទ នៅចំនួន៤ទីតាំងក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលកំពុងឈរជើងការពារ និងទប់ស្កាត់ជនខិតខូចដែលមានបំណងមកកាប់ទន្ទ្រានតំបន់ព្រៃលិចទឹក។

លោក សាំង សែន មានប្រសាសន៍ថា ដើម្បីការពារផលប្រយោជន៍រួមឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានដាក់ចេញវិធានការយ៉ាងតឹងរឹង និងម៉ឹងម៉ាត់បំផុត ក្នុងការទប់ស្កាត់ជនខិលខួចដែលមានបំណងមកឈួសឆាយរំលោភយកដីព្រៃលិចទឹកក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដោយបានដាក់កម្លាំការពារជាប្រចាំចំនួន ៤ទីតាំង។ ជាការលើកទឹកចិត្តចំពោះបងប្អូនដែលមកឈេជើងឯកឧត្តមបណ្ឌិត ក៏បានរៀបចំអង្ករ និងថវិការ មួយចំនួនមកប្រគល់ជូនកងកម្លាំងទាំង៣ប្រភេទដោយក្នុង១ទីតាំងទទួលបានថវិការ ២លានរៀនជារៀងរាល់ខែ រួមទាំងអង្ករផងដែរ ។

សូមជម្រាបថា កាលពីថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹងស្ដីពីការទប់ស្កាត់ និងការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក មានចំនួន ៩ ឃុំ ក្នុងចំណោម ១២ឃុំ ក្នុងស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ និងបានរៀបចំកម្លាំងចំរុះ ដែលត្រូវឈរជើងល្បាតជាប្រចាំតាមបណ្តាទីតាំងសំខាន់ៗចំនួន ៤ រួមមាន ទីតាំងទី១៖ ឃុំក្របីក្រៀក (គ្រប់ដណ្តប់ ឃុំឈូក និងឃុំជំនីក , ទីតាំងទី២៖ តំបន់ពស់អំបែង គ្រប់ដណ្តប់ឃុំទួលស្នួល , ទីតាំងទី៣៖ តំបន់ចម្ការចិន គ្រប់ដណ្តប់ ឃុំ ប៉ើស១ ឃុំប៉ើស២ និងឃុំស្វាយឃ្លាំង និងទីតាំងទី៤ តំបន់ខ្នងព្រែក គ្រប់ដណ្តប់ ឃុំក្រូចឆ្មារ ឃុំទ្រា និងឃុំព្រែកអាជី។

ប្រសិនបើមានបទល្មើសកើតឡើង គឺកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលមានសមាសភាព៧នាក់ ក្នុងមួយទីតាំង គឺមានសិទ្ធិពេញលេញ ក្នុងការបង្ក្រាប និងចាប់ខ្លួន ទៅតាមវិធានការច្បាប់។ ជាមួយគ្នានោះអាជ្ញាធរមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដើម្បីអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានានៅតំបន់ព្រៃលិចទឹកឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍សាធារណៈ។
ជាមួយគ្នានោះ ដើម្បីរក្សាផលប្រយោជន៍រួម អាជ្ញាធរខេត្តត្បូងឃ្មុំបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អស់ពិសេសបងប្អូនក្នុងស្រុកក្រូចឆ្មារ សូមមេត្តាចូលរួមទប់ស្កាត់ទាំងអស់គ្នា ដោយមិនត្រូវឆ្លៀតឱកាសចូលទន្ទ្រានយកធ្វើជាកម្មសិទ្ធិនោះទេ ព្រោះថា បើនៅតែបំពាន គឺប្រាកដជាត្រូវចាប់ខ្លួនដោយគ្មានការលើកលែង ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

