មេដឹកនាំក្រុម លោក អាប់ដែល ម៉ាឡេក អាល់ ហ៊ូទី(Abdel-Malek al-Houthi) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការស្វែងរកជំនួយពីប្រទេសចិន សម្រាប់ការសម្របសម្រួល ដើម្បីបញ្ឈប់ក្រុមហ៊ូទីនៅប្រទេសយេម៉ែន ដែលដាក់គោលដៅលើនាវាដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែលនៅសមុទ្រក្រហម បង្ហាញថាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបរាជ័យក្នុងបេសកកម្មរបស់ពួកគេ។
មេដឹកនាំក្រុមហ៊ូទី និយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ថា សញ្ញាមួយក្នុងចំណោមសញ្ញានៃការបរាជ័យ គឺការប៉ុនប៉ងរបស់អាមេរិក ក្នុងការស្វែងរកជំនួយពីប្រទេសចិន ដើម្បីសម្របសម្រួល និងបញ្ចុះបញ្ចូលពួកយើង ឱ្យបញ្ឈប់ប្រតិបត្តិការគាំទ្ររបស់យើងសម្រាប់ប្រជាជនប៉ាឡេស្ទីន ការប្រឆាំងនាវាអ៊ីស្រាអែល និងអ្នកទាំងឡាយណាដែលជាប់ពាក់ព័ន្ធជាមួយសត្រូវអ៊ីស្រាអែល។

ក្រុមសកម្មប្រយុទ្ធហ៊ូទីដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ គ្រប់គ្រងផ្នែកដែលមានប្រជាជនរស់នៅច្រើនបំផុតក្នុងប្រទេសយេម៉ែន បានចាប់ផ្តើមរលកនៃការបំផ្ទុះយានដ្រូន និងមីស៊ីលទៅលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម និងនៅឈូងសមុទ្រ Aden ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយចាត់ទុកថាវាជាការឆ្លើយតបចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងការបង្ហាញពីសាមគ្គីភាពចំពោះពលរដ្ឋប៉ាឡេស្ទីន។
យុទ្ធនាការក្រុមហ៊ូទី បានបង្អាក់ដល់ការដឹកជញ្ជូនជាអន្តរជាតិ។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានបើកការវាយប្រហារលើគោលដៅក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ហើយបានដាក់កងជីវពលទៅក្នុងបញ្ជីក្រុមភេរវកម្ម៕
