ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវរៀបចំការស្នើសុំធ្វើការឃោសនាបោះឆ្នោតឲ្យបានយ៉ាងតិចមុន ៣ថ្ងៃ នៃការចាប់ផ្តើមដំណើរការឃោសនា។
ថ្លែងប្រាប់ BTV News នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខនេះ គ.ជ.ប កំពុងស្ថិតក្នុងដំណាក់កាលរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់បណ្តាគណបក្សនយោបាយដែលបានចុះបញ្ជីចូលរួមប្រកួតប្រជែង ដើម្បីបង្ហាញនូវគោលនយោបាយរបស់ខ្លួនទៅកាន់អង្គបោះឆ្នោតដែលជាអ្នកតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង។
ឯកឧត្តមបញ្ជាក់ថា គណបក្សនយោបាយមានពេល៣ថ្ងៃ ក្នុងការធ្វើលិខិតស្នើសុំទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត អំពីសមាសភាពរបស់អ្នកដឹកនាំការឃោសនា ចំនួនអ្នកចូលរួម សម្ភារៈ ទីតាំង ពេលវេលា និងតម្រាយផ្លូវដែលមានបំណងធ្វើការឃោសនា ខណៈការឃោសនាបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
អ្នកនាំពាក្យ គ.ជ.ប អះអាងថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលខាងមុខនេះ នឹងមិនមានផលរំខានដល់ប្រជាពលរដ្ឋនោះទេ ដោយសារកន្លងមកភាគីពាក់ព័ន្ធមានកិច្ចសហការគ្នាទៅវិញទៅមកបានយ៉ាងល្អ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតសរុបចំនួន ១១,៧៤៧ នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រមានចំនួន ១២៥ នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១,៦២២ នាក់ ខណៈគណបក្សនយោបាយចំនួន ៤ដែលចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទះខ្មែរ៕ អត្ថបទ៖ សេក ឧត្តម