ប្រមុខការទូតរបស់ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោក អាចទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ បន្ទាប់ពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដោយមិនរង់ចាំលទ្ធផល នៃអ្វីដែលអាចជាកិច្ចចរចារយៈពេលជាច្រើនឆ្នាំរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនលើដំណោះស្រាយរដ្ឋពីរ។

រដ្ឋមន្ត្រីការបរទេសលោក ដេវីត កាមេរូន (David Cameron) ដែលថ្លែងទៅកាន់សារព័ត៌មាន AP ក្នុងអំឡុងពេលទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ប្រទេសលីបង់ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងក្នុងតំបន់ បាននិយាយថា គ្មានការទទួលស្គាល់ណាមួយ អាចកើតមានឡើងទេ ខណៈដែលក្រុមហាម៉ាស នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ប៉ុន្តែវាអាចកើតឡើង ខណៈពេលដែលការចរចារបស់អ៊ីស្រាអែលជាមួយមេដឹកនាំប៉ាឡេស្ទីន កំពុងបន្ត។
លោកកាមេរូន អតីតនាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា ការទទួលស្គាល់របស់ចក្រភពអង់គ្លេសចំពោះរដ្ឋឯករាជ្យមួយរបស់ប៉ាឡេស្ទីន រួមទាំងនៅក្នុងអង្គការសហប្រជាជាតិ «មិនអាចកើតឡើង នៅពេលចាប់ផ្តើមដំណើរការនោះទេ ប៉ុន្តែវាមិនចាំបាច់ជាចុងបញ្ចប់នៃដំណើរការនោះទេ»។
លោកបានថ្លែងថា៖«វាអាចជាអ្វីមួយដែលយើងចាត់ទុកថាជាដំណើរការនេះ ដោយសារការឈានទៅរកដំណោះស្រាយ ក្លាយជាការពិត»។ «អ្វីដែលយើងត្រូវធ្វើ គឺផ្តល់ឲ្យប្រជាជនប៉ាឡេស្ទីននូវឱកាសឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ អនាគតនៃការមានរដ្ឋផ្ទាល់ខ្លួនរបស់ពួកគេ»។
លោកកាមេរូន បានបន្តថា ការរំពឹងទុកនោះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងសន្តិសុខ រយៈពេលវែងនៃតំបន់នេះ។
ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានគាំទ្រគំនិតនៃប៉ាឡេស្ទីនឯករាជ្យដែលមានជាមួយអ៊ីស្រាអែលជាដំណោះស្រាយចំពោះជម្លោះដ៏គួរឲ្យធុញទ្រាន់បំផុត នៅក្នុងតំបន់ ប៉ុន្តែបាននិយាយថា ឯករាជ្យភាពប៉ាឡេស្ទីន គួរតែមកជាផ្នែកនៃការចរចារកដំណោះស្រាយ ដោយសារពុំ មានការចរចាធំដុំទេ ចាប់តាំងពីឆ្នាំ ២០០៩មក៕