ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (០១ កុម្ភៈ) បានទាមទារឲ្យអ៊ុយក្រែន ដកក្រុមហ៊ុនចិនជាង ១០ ស្ថាប័នជាបន្ទាន់ចេញពីបញ្ជីក្រុមហ៊ុនដែលចាត់ទុកថាជា «អ្នកឧបត្ថម្ភអន្តរជាតិនៃសង្គ្រាម» ដោយនិយាយថា ខ្លួនចង់ឱ្យទីក្រុងគីវ «លុបបំបាត់ផលប៉ះពាល់អវិជ្ជមាន» ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថាឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងគីវ បានប្រាប់ក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អ៊ុយក្រែន កាលពីខែមុនថាការដាក់បញ្ចូលក្រុមហ៊ុនក្នុងបញ្ជីនេះអាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។
ទីក្រុងប៉េកាំង មានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ហើយបានបដិសេធមិនរិះគន់ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ប៉ុន្តែខ្លួនក៏បាននិយាយផងដែរថា អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ត្រូវតែគោរព ហើយបានស្នើជួយសម្រុះសម្រួលក្នុងសង្គ្រាម។
អ៊ុយក្រែន បានចុះបញ្ជីក្រុមហ៊ុនចំនួន ៤៨ស្ថាប័ន នៅទូទាំងពិភពលោក រួមទាំង ១៤ស្ថាប័នមកពីប្រទេសចិនជា «អ្នកឧបត្ថម្ភអន្តរជាតិនៃសង្គ្រាម» ដែលសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះជួយដោយប្រយោល ឬរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី៕
