ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ដើម្បីពិភាក្សាដែលពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀង និងការងារមួយចំនួនផ្សេងទៀត នៅទីស្តីការក្រសួងកសិកម្ម។

ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមឱ្យមានការសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដោយមានផែនការច្បាស់លាស់ ដោះស្រាយបញ្ហាប្រឈមរួមគ្នា ហើយប្រការចាំបាច់ត្រូវមានភាពជាម្ចាស់ការពិតប្រាកដ។ ជាមួយនេះ ឯកឧត្តម បានណែនាំឱ្យមានការសិក្សា ពិនិត្យឱ្យបានច្បាស់លាស់ រវាងការអភិរក្ស និងអភិវឌ្ឍន៍ ឱ្យដើរទន្ទឹមគ្នានៅក្នុងវិស័យកសិកម្ម។

ទាក់ទិនទៅនឹងបញ្ហាប្រឈមការប្រែប្រួលអាកាសធាតុ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យរៀបចំការសិក្សា និងពិនិត្យលទ្ធភាពនៃការស្តុកទឹកទុកនារដូវវស្សា សម្រាប់ការធ្វើស្រែពេញមួយឆ្នាំរបស់ប្រជាកសិករ។
ប្រភពដដែលនេះ បានបញ្ជាក់ទៀតថា ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលនយោបាយអាទិភាព ក្នុងការកសាងសហគមន៍ទំនើប ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការផលិតទ្រង់ទ្រាយធំ និងធ្វើឱ្យប្រសើរក្នុងខ្សែច្រវ៉ាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃ សម្រាប់វិស័យកសិកម្ម ដែលមានលក្ខណៈសេដ្ឋកិច្ច និងមានទីផ្សារច្បាស់លាស់៕ អត្ថបទ៖ ឈិត បូរ៉ាវី




