កងនាវាចម្បាំងអាមេរិក និងជប៉ុនរាប់សិបគ្រឿង រួមទាំងនាវាផ្ទុកយន្តហោះអាមេរិកពីរគ្រឿង ត្រូវបានដាក់សំញែងកម្លាំងយោធានៅសប្តាហ៍នេះ នៅសមុទ្រហ្វីលីពីន ភាគខាងកើតកោះតៃវ៉ាន់។
ក្រុមអ្នកវិភាគនិយាយថា សមយុទ្ធរួមគ្នាបង្ហាញថា កងទ័ពជើងទឹកអាមេរិកអាចឆ្លើយតបទៅនឹងឧបទ្ទវហេតុនានានៅទូទាំងដែនទឹកអាស៊ី ជាចំណុចដែលភាពតានតឹងជាមួយចិននៅតែមានកម្រិតខ្ពស់ ស្របពេលកំពុងប្រឈមនឹងអរិភាពជាបន្តបន្ទាប់នៅមជ្ឈិមបូព៌ា។

នាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិក USS Carl Vinson និង USS Theodore Roosevelt ត្រូវបានចូលរួមដោយឧទ្ធម្ភាគចក្រពិឃាដរបស់កងកម្លាំងការពារស្វ័យការពារដែនសមុទ្រជប៉ុន JS Ise នាវាពិឃាដបំពាក់មីស៊ីលប្រើប្រព័ន្ធធុរបញ្ជា ដឹកនាំរបស់អាមេរិកចំនួន ៧ គ្រឿង និងនាវាចម្បាំង អាមេរិកចំនួន ២ គ្រឿងសម្រាប់អ្វីដែលកងទ័ពជើងទឹកហៅថា Multi-Large Deck Event (MLDE)។

ឧត្តមនាវីទោ លោក ខាឡូស សាឌីឡូ (Carlos Sardiello)មេបញ្ជាការក្រុមនាវាវាយប្រហារផ្ទុកយន្តហោះចម្បាំង Carrier Strike Group 1 ដឹកនាំដោយនាវាផ្ទុកយន្តហោះ Vinson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក និងជប៉ុនមានសមត្ថភាពពិសេសក្នុងការប្រមូលផ្តុំកងកម្លាំងទ័ពជើងទឹកដែលមាននាវាធំៗជាច្រើនយ៉ាងឆាប់រហ័ស ដើម្បីជួយដល់ផលប្រយោជន៍សន្តិសុខទៅវិញទៅមកនៅឥណ្ឌូប៉ាស៊ីហ្វិក។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាមេរិកបាននិយាយថា នាវាចម្បាំងរាប់សិបគ្រឿងបានធ្វើសមយុទ្ធការពារ ការឃ្លាំមើលដែនសមុទ្រ សមយុទ្ធកងទ័ពជើងទឹក និងសមយុទ្ធយុទ្ធសាស្ត្រ ដើម្បីជំរុញសមត្ថភាពប្រយុទ្ធកម្រិតខ្ពស់តែមួយគត់។
យោងតាមសេចក្តីថ្លែងការណ៍របស់យោធាជប៉ុន សមយុទ្ធនេះបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ហើយបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕
