មន្ត្រីអាមេរិកម្នាក់ និងប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាន CNNថា លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានចេញក្រឹត្យប្រតិបត្តិមួយកំណត់គោលដៅលើអ្នកតាំងលំនៅអ៊ីស្រាអែលដែលបង្កអំពើហិង្សានៅតំបន់វេសបែង (West Bank) ដែលលោកបាននិយាយថា បានធ្វើឲ្យ ខូចស្ថិរភាព នៅក្នុងតំបន់នេះ។

សេចក្តីណែនាំថ្មីដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Politico ហើយរំពឹងថា នឹងប្រកាសកាលពីថ្ងៃព្រហស្បតិ៍ នឹងដាក់ទណ្ឌកម្មលើបុគ្គលមួយចំនួន ដែលត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងអំពើហិង្សាទាំងនោះ។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប បាននិយាយថា ក្រឹត្យប្រតិបត្តិនេះ កំណត់គោលដៅលើបុគ្គលចំនួន៤នាក់ ដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សា ឬការបំភិតបំភ័យដោយផ្ទាល់នៅក្នុងទីក្រុងវេសបែង រួមទាំងមនុស្សដែលត្រូវបានចោទប្រកាន់ពីញុះញង់ និងដឹកនាំកុបកម្មមួយ ដុតអគារ វាលស្រែ និងយានយន្ត វាយដំជនស៊ីវិល និងបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ។
ក្រសួងការបរទេស បានប្រកាសឈ្មោះជនជាតិអ៊ីស្រាអែលដែលត្រូវបានកំណត់គោលដៅដោយបទបញ្ជាប្រតិបត្តិដែលរាំងខ្ទប់ទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់ពួកគេ និងរារាំងពួកគេមិនឲ្យចូលមកសហរដ្ឋអាមេរិក។ ពួកគេគឺមាន លោកដេវី ចៃ ចាសដៃ (David Chai Chasdai), លោក អេណាន តានជីល ( Einan Tanjil) , លោក សាឡុម ហ្ស៊ីជឺម៉ែន (Shalom Zicherman) និង លោក យីណុន លីវី (Yinon Levi)។

សេតវិមាន បានជូនដំណឹងដល់រដ្ឋាភិបាលអ៊ីស្រាអែលអំពីផែនការរបស់ពួកគេ មុនពេលចេញក្រឹត្យនេះ។
ក្រុមមន្ត្រី បាននិយាយថា ពួកគេបានប្រមូលចងក្រងភ័ស្តុតាងដែលពួកគេ បាននិយាយថា ផ្តល់ភ័ស្តុតាងនៃតួនាទីរបស់បុគ្គល នៅក្នុងអំពើហិង្សានៅតំបន់វេសបែង ដែលអាចទប់ទល់នឹងការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់តុលាការ រួមទាំងព័ត៌មានពីការរាយការណ៍ជាសាធារណៈផងដែរ៕
