ឥណ្ឌា ៖ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសឥណ្ឌា បានផ្តោតលើគោលនយោបាយការពារជាតិរបស់ខ្លួនលើព្រំដែនគោករបស់ខ្លួនជាមួយគូប្រជែងប៉ាគីស្ថាន និងចិន។ ឥឡូវនេះ នៅពេលដែលមហិច្ឆតាសកលរបស់ខ្លួន កាន់តែកើនឡើង ប្រទេសកំពុងចាប់ផ្តើមពង្រឹងកម្លាំងទ័ពជើងទឹករបស់ខ្លួន នៅក្នុងដែនទឹកអន្តរជាតិ រួមទាំងការល្បាតប្រឆាំងការប្រឆាំងការប្លន់តាមសមុទ្រ និងការដាក់ពង្រាយជាសាធារណៈយ៉ាងទូលំទូលាយនៅជិតសមុទ្រក្រហម ដើម្បីជួយការពារនាវាពីការវាយប្រហារ ក្នុងអំឡុងពេលសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស។
ប្រទេសឥណ្ឌា បានបញ្ជូននាវាពិឃាតបំពាក់ដោយមីស៊ីលតម្រង់គោលដៅ និងយន្តហោះឈ្លបយកការណ៍ចំនួនបីគ្រឿងនៅក្នុងខែវិច្ឆិកា នៅពេលដែលក្រុមឧទ្ទាមហ៊ួទីដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានចាប់ផ្តើមកំណត់គោលដៅលើនាវានានា ក្នុងសាមគ្គីភាពជាមួយក្រុមហាម៉ាស ដែលបណ្តាលឲ្យមានការរំខាន នៅក្នុងផ្លូវពាណិជ្ជកម្មដ៏សំខាន់ដែលគ្របដណ្តប់ពាណិជ្ជកម្មពិភពលោកប្រហែល ១២ភាគរយ។
លោកឧត្តមនាវីទោ អានីល គុម៉ា ចាវឡា ( Anil Kumar Chawla) ដែលបានចូលនិវត្តន៍ ក្នុងឆ្នាំ ២០២១ ជាប្រធានបញ្ជាការកងទ័ពជើងទឹកភាគខាងត្បូងរបស់ប្រទេសឥណ្ឌា បាននិយាយថា ការដាក់ពង្រាយនេះបញ្ជាក់ពីប្រទេសនេះថាជា «អ្នករួមចំណែកសកម្ម»ចំពោះស្ថិរភាពដែនសមុទ្រអន្តរជាតិ។
លោកចាវឡា បាននិយាយថា៖«យើងមិនមែនធ្វើវាដោយមិនគិតពីផលប្រយោជន៍របស់អ្នកដទៃទេ។ លុះត្រាតែអ្នកជាមហាអំណាចដែនសមុទ្រ ទើបអ្នកមិនអាចប្រាថ្នាចង់ក្លាយជាមហាអំណាចពិភពលោកទេ។ លោកបានបន្ថែមថា ប្រទេសឥណ្ឌា ដែលជាមហាអំណាចក្នុងតំបន់រួចហើយ កំពុងដាក់ខ្លួនជា «តួអង្គ ពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលជាមហាអំណាចសកលនាពេលខាងមុខ»។
ឥណ្ឌាកំពុងផ្សព្វផ្សាយជាសាធារណៈទូទៅអំពីការដាក់ពង្រាយនេះ ដោយបង្ហាញឲ្យឃើញពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការទទួលខុសត្រូវកាន់តែធំ ក្នុងសន្តិសុខដែនសមុទ្រចំពោះពិភពលោក និងមហិច្ឆតាដែនសមុទ្រដែលកំពុងកើនឡើងរបស់ខ្លួនចំពោះគូប្រជែងក្នុងតំបន់គឺប្រទេសចិន។
