អ៊ុយក្រែន ៖ ចារកម្មយោធារបស់អ៊ុយក្រែន និយាយថាខ្លួនបានពន្លិចនាវាចម្បាំងរុស្ស៊ី នៅឯឆ្នេរសមុទ្រគ្រីម៉េ (Crimea) កាលពីយប់ឈានចូលថ្ងៃព្រហស្បតិ៍ (០១ កុម្ភៈ) ដែលជាសកម្មភាពចុងក្រោយបំផុតនៅក្នុងការវាយលុកជាបន្តបន្ទាប់ទៅកាន់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី បន្ទាប់ពីបានវាយប្រហារដោយមីស៊ីល «ដ៏ធំ» លើឧបទ្វីបកាន់កាប់នេះ នៅប៉ុន្មានម៉ោងមុននោះ។
ទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់ការពារជាតិអ៊ុយក្រែន បាននិយាយថា នាវាមីស៊ីលប្រើប្រព័ន្ធទូរបញ្ជារបស់រុស្ស៊ី ឈ្មោះ អ៊ីវ៉ាណូវ៉េត (Ivanovets) បានរងការវាយប្រហារជាច្រើនដង ទៅលើផ្នែកខាងក្រៅរបស់វាមុនពេលលិចនៅក្នុងជាយបឹង ដូនុស៍ឡាវ (Donuzlav) ដែលជាបឹងជ្រៅបំផុតរបស់ឧបទ្វីបគ្រីម៉េ។
ខ្សែវីដេអូពេលយប់ដែលផ្ដល់ដោយអ៊ុយក្រែន បានបង្ហាញឱ្យឃើញយានដ្រូនរបស់កងទ័ពជើងទឹកកំពុងឆ្ពោះទៅកាន់នាវារុស្ស៊ី នោះមុនពេលផ្ទុះបង្កជាការប៉ះទង្គិច បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់នាវា ហើយនៅចុងបញ្ចប់នៃវីដេអូ នាវានោះហាក់ដូចជាបានលិច ដោយបន្សល់ទុកតែចុងនាវាបន្តិចលើទឹកប៉ុណ្ណោះ។
ការលិចនាវា អ៊ីវ៉ាណូវ៉េត នេះគឺជាការវាយប្រហារចុងក្រោយបង្អស់របស់អ៊ុយក្រែន លើកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ខណៈដែលខ្លួនប៉ុនប៉ងប្រើប្រាស់ការវាយប្រហារជាយុទ្ធសាស្ត្រទាំងនេះជាជានិមិត្តរូបប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដែលបានដាក់បញ្ចូលឧបទ្វីបគ្រីម៉េ ជាទឹកដីខ្លួនក្នុងឆ្នាំ២០១៤៕

