ស្ថានភាពសម្រាប់ស្ត្រីមានផ្ទៃពោះនៅតំបន់ ហ្កាហ្សាស្រ្ទីប កាន់តែអាក្រក់ទៅៗ ដោយវេជ្ជបណ្ឌិតក្នុងតំបន់ដែលលេបត្របាក់ដោយសង្រ្គាមមួយនេះបាននិយាយថា ស្រ្តីទាំងនោះប្រឈមនឹងហានិភ័យខ្ពស់នៃការរលូតកូន ដោយសារតែជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ពីការកើនឡើង ៣០០ភាគរយ នៃអត្រារលូតកូនក្នុងចំណោមស្ត្រីមានផ្ទៃពោះនៅហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក។ ក្រសួងនេះបានព្រមានថា ជីវិតរបស់ស្ត្រីមានផ្ទៃពោះប្រមាណ ៦ម៉ឺននាក់ប្រឈមនឹងហានិភ័យ ដោយសារតែមិនមានសេវាថែទាំសុខភាពក្នុងតំបន់ និងការលំបាកក្នុងការទៅមន្ទីរពេទ្យ។
ប្រព័ន្ធសុខាភិបាលនៅហ្កាហ្សាបានដួលរលំ ហើយមន្ទីរពេទ្យ និងមណ្ឌលថែទាំសុខភាពរាប់សិបកន្លែងបានបិទក្នុងរយៈពេលបីខែចុងក្រោយនេះ ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នករងរបួសរាប់ម៉ឺននាក់ អ្នកជំងឺ ស្ត្រីមានផ្ទៃពោះ និងទារកមិនទាន់គ្រប់ខែ។
ដោយសារធនធានមានកម្រិត និងកង្វះខាតថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ ស្ត្រីជាច្រើនត្រូវបង្ខំចិត្តចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការសម្រាលកូនរួច ដោយសារតែកង្វះគ្រែដែលអាចប្រើបាន ហើយដោយសារការមកដល់ជាប្រចាំនៃចំនួនអ្នករបួសរាប់រយនាក់ទៅមន្ទីរពេទ្យ៕

