កូរ៉េខាងជើង ៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួននៅថ្ងៃសុក្រ (០២ កុម្ភៈ) នេះដែលជាលើកទីបួន ក្នុងរយៈពេលត្រឹមតែជាងមួយសប្តាហ៍ ដែលទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលបែបនេះចេញពីឆ្នេរសមុទ្រទាំងពីររបស់ខ្លួន។
យោធាកូរ៉េខាងត្បូងបាននិយាយថា ការបាញ់បង្ហោះនេះធ្វើឡើងនៅម៉ោងប្រហែល ១១ ព្រឹក (ម៉ោងក្នុងស្រុក) ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ កូរ៉េខាងជើង បាននិយាយតាំងពីសប្តាហ៍មុនថា ខ្លួនបានសាកល្បងមីស៊ីលតម្រង់គោលដៅ «យុទ្ធសាស្ត្រ» ដោយបញ្ជាក់ថា មីស៊ីលទាំងនោះអាចត្រូវបានរចនាឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងហាក់ដូចជាកំពុងធ្វើតេស្តមីស៊ីលដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ការបាញ់បង្ហោះចុងក្រោយនេះ កើតឡើងបន្ទាប់ពីកូរ៉េខាងជើងបាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា មេដឹកនាំលោក គីម ជុងអ៊ុន បានត្រួតពិនិត្យកន្លែងផលិតនាវានៅក្នុងទីក្រុងកំពង់ផែ ណាមផូ (Nampho) នៅឆ្នេរសមុទ្រភាគខាងលិច និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្លាំងទ័ពជើងទឹកដ៏រឹងមាំនៅក្នុង «ការត្រៀមរៀបចំធ្វើសង្រ្គាម»៕

