អាមេរិក៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា បទបញ្ជាឲ្យពលរដ្ឋជម្លៀសចេញពីលំនៅឋាននៅតែបន្ត សម្រាប់ផ្នែកជាច្រើនក្នុងតំបន់ Siskiyou ខណៈដែលភ្លើងឆេះព្រៃ Lava បន្តឆេះរាលដាលខ្លាំង។

យោងតាមទីភ្នាក់ងារអភិរក្សព្រៃឈើសហរដ្ឋអាមេរិក ភ្លើងឆេះព្រៃនេះកំពុងឆេះរាលដាលលើផ្ទៃដីប្រមាណ ៤,៥ម៉ាល៍ភាគអាគ្នេយ៍នៃបឹង Shastina និងមានចម្ងាយ ៣.៥ម៉ាល៍ភាគខាងពាយ័ព្យសហគមន៍ Weed។ នោះគឺជាភ្លើងឆេះព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃមួយចំនួន ដែលបានឆាបឆេះកាលពីថ្ងៃសុក្របន្ទាប់ពីរន្ទះបាញ់ជាបន្តបន្ទាប់។ ការិយាល័យតំបន់ Siskiyou បានឲ្យដឹងថា បទបញ្ជាជម្លៀសពលរដ្ឋត្រូវបានចេញ សម្រាប់ផ្នែកមួយចំនួននៅតំបន់បឹង Shastina និងតំបន់ជ្រលងភ្នំ Juniper ក្បែរវិថី Big Springs ចេញពីផ្លូវ Highway 97 រហូតដល់តំបន់ McDonald Lane។ ទីភ្នាក់ងារអភិរក្សព្រៃឈើខាងលើ ចំហេះព្រៃនេះបានឆេះបំផ្លាញព្រៃឈើជាង ៥ពាន់ហិចតា និងពន្លត់បាន ២០% គិតត្រឹមម៉ោង ១:៤០នាទីល្ងាច៕
អត្ថបទ៖ សុខមាន