
គណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក កាលថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ) បានប្រកាសថា ព្រឹទ្ធសភាអាមេរិកនឹងបោះឆ្នោតនៅសប្តាហ៍ក្រោយលើកញ្ចប់សន្តិសុខព្រំដែន ដែលនឹងអនុញ្ញាតឲ្យមានជំនួយដ៏សំខាន់ សម្រាប់អ៊ុយក្រែន ខណៈដែលប្រធានាធិបតីលោក Joe Biden បានសាទរចំពោះកញ្ចប់ថវិកា ៥៤ពាន់លានដុល្លារអាមេរិក ដែលអនុម័តដោយសម្ព័ន្ធមិត្តរបស់ប្រទេសដែលហែកហួរដោយសង្រ្គាម។
លោក Chuck Schumer មេដឹកនាំសភាជាន់ខ្ពស់ពីគណបក្សប្រជាធិបតេយ្យ បាននិយាយថា ការបោះឆ្នោតដំបូងលើសេចក្ដីស្នើច្បាប់របស់សមាជិកនៃគណបក្សទាំង២ នឹងប្រព្រឹត្តទៅយូរបំផុត នៅថ្ងៃទី៧ ខែកុម្ភៈ ទោះបីជាការរំពឹងទុករបស់ខ្លួន សម្រាប់ការចុះហត្ថលេខាឲ្យក្លាយជាច្បាប់ធរមាន មើលទៅស្ទើរតែគ្មានសោះក៏ដោយ។
អមដោយការបន្ថែមថា អត្ថបទនឹងត្រូវចេញផ្សាយ នៅចន្លោះថ្ងៃទី២ និងទី៤ ខែកុម្ភៈនោះ លោក Schumer បានបា្រប់ថា៖ «ការដោះស្រាយបញ្ហាប្រឈមទាំងនេះ មិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែយើងមិនអាចគេចវេសពីការទទួលខុសត្រូវរបស់យើង ដោយសារតែកិច្ចការមានការលំបាកនោះទេ»។
គួរបញ្ជាក់ដែរថា សមាជិកព្រឹទ្ធសភាបានចរចាជាច្រើនខែលើកិច្ចព្រមព្រៀងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដោយពួកសាធារណរដ្ឋបានទទូចឲ្យមានការបង្កើនសន្តិសុខព្រំដែន ជាថ្នូរនឹងការយល់ព្រមលើសំណើររបស់សេតវិមាន សម្រាប់ទឹកប្រាក់ជាង ៦០ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ទីក្រុងគីវដែលគាំទ្រលោកខាងលិច និងដែលបានមើលឃើញថា ការលុកលុយរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ បានរាលដាលយ៉ាងខ្លាំងក្លា៕