
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ) បានថ្កោលទោសការវាយប្រហារប្រឆាំងនឹងវិហារអ៊ីស្លាម នៅទីក្រុង Mississauga ក្នុងខេត្ត Ontario ដែលកំពុងត្រូវបានស៊ើបអង្កេតថា ជាឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម ហើយអ្នកតស៊ូមតិសិទ្ធិមនុស្សបានពិពណ៌នាថា ជាផ្នែកមួយនៃការកើនឡើងនូវការរើសអើងជនមូស្លីម។
នគរបាល បាននិយាយថា មាននរណាម្នាក់ បានគប់ដុំថ្មចំនួន ២ដុំ តាមបង្អួចនៃវិហារអ៊ីស្លាម នាទីក្រុង Mississauga កាលពីថ្ងៃទី២៨ ខែមករា នៅមុនថ្ងៃខួបនៃការវាយប្រហារវិហារអ៊ីស្លាម ក្នុងទីក្រុង Quebec ដែលបានសម្លាប់មនុស្ស ៦នាក់ ក្នុងឆ្នាំ២០១៧។ សារព័ត៌មាន CBC News បានរាយការណ៍ថា គ្មាននរណាម្នាក់រងរបួសនោះឡើយ នៅក្នុងហេតុការណ៍នេះ។
តាមរយៈបណ្តាញសង្គម X (ពីមុនជា Twitter) លោក Trudeau បានឲ្យដឹងថា ៖«ការរើសអើងចំពោះជនមូស្លីម គឺមិនមាននៅក្នុងសហគមន៍របស់យើងទេ»។ លោកបានបន្ថែមថា៖ «ការវាយប្រហារប្រឆាំងនឹងវិហារអ៊ីស្លាម នៅទីក្រុង Mississauga នាដើមសប្តាហ៍នេះ ពោលគឺនៅថ្ងៃបុណ្យជាតិនៃការចងចាំពីការវាយប្រហារលើវិហារអ៊ីស្លាម នៅទីក្រុង Quebec និងសកម្មភាពប្រឆាំងនឹងការរើសអើងជនមូស្លីម គឺជាភាពកំសាក ការរំខាន និងមិនអាចទទួលយកបានទេ។ ខ្ញុំថ្កោលទោសការវាយប្រហារនេះ ក្នុងលក្ខខណ្ឌធ្ងន់ធ្ងរបំផុតដែលអាចធ្វើទៅបាន»។
ក្រុមប្រឹក្សាជាតិនៃជនមូស្លីមកាណាដា បាននិយាយថា ការវាយប្រហារនេះ គឺ «ជាផ្នែកមួយនៃការកើនឡើងគួរឲ្យព្រួយបារម្ភនៃការស្អប់ខ្ពើមជនមូស្លីម នៅទូទាំងប្រទេសនេះ»។ កាលពីខែវិច្ឆិកា អាជ្ញាធរនៅទីក្រុង Toronto បាននិយាយថា ចំនួនឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងសាសនា និងប្រឆាំងជនមូស្លីម នៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសកាណាដា បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះតំបន់ហ្កាហ្សា៕