
ភាពតានតឹងនៅក្នុងតំបន់ហ្កាហ្សា បានអូសបន្លាយដល់ថ្ងៃសុក្រ ដោយមនុស្សរាប់សិបនាក់ដែលត្រូវបានសម្លាប់នៅពេលយប់ បន្ទាប់ពីអ្នកសម្រុះសម្រួលកាតា បាននិយាយថា ក្រុមហាម៉ាស បានផ្តល់ការយល់ព្រមលើក «ដំបូង» របស់ខ្លួនដល់កិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ថ្នូរ-អ្នកទោស ដែលនឹងផ្អាកសង្គ្រាមជាមួយអ៊ីស្រាអែល។
ក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស បាននិយាយថា មនុស្សចំនួន ១០៥នាក់ ត្រូវបានសម្លាប់នៅពេលយប់ ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ ខណៈដែលការិយាល័យសារព័ត៌មានរបស់ក្រុមនេះ បានរាយការណ៍ពីការវាយឆ្មក់ និងការបាញ់ផ្លោងជុំវិញទីក្រុងខាន់យូនីស ដែលជាទីក្រុងសំខាន់របស់តំបន់ហ្កាហ្សាភាគខាងត្បូង និងជាចំណុចកណ្តាលនៃអរិភាពនាពេលថ្មីៗនេះ។
យោងតាមអង្គការសហប្រជាជាតិ ការប្រយុទ្ធគ្នាជិត៤ខែ បានធ្វើឲ្យតំបន់ហ្កាហ្សា «មិនអាចរស់នៅបាន» ខណៈដែលការឡោមព័ទ្ធរបស់អ៊ីស្រាអែល បាននាំឲ្យមានការខ្វះខាតស្បៀងអាហារ ទឹក ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។
វិបត្តិមនុស្សធម៌ គួបផ្សំនឹងការស្លាប់ និងរបួសជនស៊ីវិល ដែលកំពុងកើនឡើង បានជំរុញឲ្យមានការអំពាវនាវជាអន្តរជាតិឲ្យមានបទឈប់បាញ់។
អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក ម៉ាចេដ អាល់ អានសារី (Majed al-Ansari) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចចរចានាពេលថ្មីៗនេះនៅទីក្រុងប៉ារីសរវាងមន្ត្រីកាតា សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអេហ្ស៊ីប បានផ្តល់នូវសំណើសុំឲ្យមានបទឈប់បាញ់រឹងមាំមួយ។