ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹកពីព្រោះការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។ សម្ដេចធិបតី ក៏បានណែនាំឱ្យពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមាន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំបែបនេះ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ នៅ វិមានសន្តិភាព។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានកត់សម្គាល់ដោយមោទនភាពចំពោះភាពសកម្មរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត។ សម្តេចនាយករដ្ឋមន្ត្រីក៏បានកោតសរសើរក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អដើម្បីបមើ ប្រជាពលរដ្ឋ ធ្វើឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីទទួលបានការគាំទ្រកាន់តែខ្លាំង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជាក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអន្តរាគមន៍ទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហាដែលពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះស្រូវឡើងថ្លៃហើយ កសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។
ក្នុងឱកាសនោះសម្ដេចធិបតីបានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹកពីព្រោះការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។ សម្ដេចធិបតី ក៏បានណែនាំឱ្យពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមាន៕ អត្ថបទ៖ វ៉ន ដារ៉ា






