ភ្នំពេញ ៖ ក្រសួងបរិស្ថាន និងក្រុមហ៊ុនចែកចាយរថយន្តក្នុងស្រុក អិលវីអិមស៊ី ហូលឌីង បានចុះអនុស្សរណៈយោគយល់ជាមួយគ្នា ស្ដីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថាន ហើយក៏ភ្ជាប់ជាមួយការប្រគល់រថយន្តដឹកសំរាមជូនក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ២៩ខែ មិថុនានេះផងដែរ។នារសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងបរិស្ថាន ។
ក្នុងឱកាសដដែលនេះ ក៏មានការប្រគល់រថយន្តដឹកសំរាមចំនួន ៣គ្រឿងដំបូងជូនក្រសួងបរិស្ថានផងដែរ។
សម្រាប់ពិធីចុះអនុស្សរណៈនេះ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឱ្យឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា នេះជាលើកដំបូងហើយ ដែលក្រសួងបានចុះអនុស្សរណៈជាមួយក្រុមហ៊ុនដំឡើងរថយន្តក្នុងស្រុក។
ឯកឧត្តម បន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីបង្កើតសហប្រតិបត្តិការរវាងភាគីទាំងពីរលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្នុងការបញ្ជាទិញ និងផ្គត់ផ្គង់រថយន្ដដឹកសំរាម រវាងភាគីទាំងពីរ ដើម្បីធ្វើការរួមគ្នាក្នុងការលើកកម្ពស់អនាម័យ សោភ័ណភាព បរិស្ថាន ចូលរួមលើកកម្ពស់ផលិតផល ដែលផលិតក្នុងស្រុក ជំរុញលើកទឹកចិត្តដល់ប្រជាជនកម្ពុជាអោយមានការស្នេហាជាតិ។
ឯកឧត្តម មានប្រសាសន៍ថា នេះការប្រើប្រាស់ផលិតផលក្នុងស្រុក ក៏ជាការកាតបន្ថយការចំណាយច្រើនផងដែរ ស្របពេលដែលផលិតផលក្នុងស្រុកមានគុណភាពល្អប្រសើរដូចគ្នា ទៅនឹងផលិតផលនាំចូល។
ក្នុងឱកាសដដែលនេះ លោកស្រី ម៉ៅ គន្ធា ដែលជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនអិលវីអិមស៊ី ហូលឌីង បានឱ្យដឹងថា ក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង ជាតំណាងចែកចាយផ្តាច់មុខរថយន្តម៉ាកSsangYong ដែលជារថយន្តសេរីទំនើបមានដូចជា រថយន្តSUV, Compact SUV,រថយន្ត PickUp ដែលពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចែកចាយផ្គត់ផ្គង់រថយន្តដឹកសំរាមដែលតម្លើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ទេរបច្ចេកវិទ្យា ព្រមទាំងជំនាញក្នុងការតម្លើងរថយន្ដ និងទទួលខុសត្រូវក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់ ការធានា និងសេវាកម្មជួសជុល៕
អត្ថបទ ៖ គឹមហុក



