
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បាននិយាយថា នគរបាលទួរគី បានចាប់ខ្លួនមនុស្ស៧នាក់ នៅថ្ងៃសុក្រនេះពីបទសង្ស័យលក់ព័ត៌មានទៅឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad។
ជនសង្ស័យដែលត្រូវបានចោទប្រកាន់ថា បានបញ្ជូនព័ត៌មានលម្អិតទៅទីភ្នាក់ងារចារកម្ម Mossad តាម រយៈក្រុមអ្នកស៊ើបអង្កេតឯកជន ត្រូវបានឃុំខ្លួន នៅក្នុងប្រតិបត្តិការរួមគ្នាជាមួយអង្គការស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសទួរគី ឬ MIT។
សារព័ត៌មាន Anadolu បានរាយការណ៍ថា ដោយធ្វើសកម្មភាពតាមដីកាដែលចេញដោយការិយាល័យរដ្ឋអាជ្ញាសាធារណៈរបស់ទីក្រុងអ៊ីស្តង់ប៊ុល នគរបាលប្រឆាំងភេរវកម្ម និងមន្ត្រីផ្នែកចារកម្ម បានធ្វើការវាយឆ្មក់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុងឆ្នេរសមុទ្រភាគខាងលិចនៃទីក្រុងអ៊ីសមៀ (Izmir)។
ជនសង្ស័យពីរនាក់ផ្សេងទៀតនៅក្នុងការស៊ើបអង្កេត ត្រូវបានគេគិតថា ត្រូវបានឃុំខ្លួនមុននេះ។
កាលពីខែមុន មនុស្ស ៣៤នាក់ ត្រូវបាននគរបាលទួរគី ចាប់ឃុំខ្លួនពីបទសង្ស័យធ្វើចារកម្មឲ្យអ៊ីស្រាអែល។ ពួកគេត្រូវបានគេចោទប្រកាន់ពីបទរៀបចំផែនការអនុវត្តសកម្មភាពដែលរួមមានការឈ្លបយកការណ៍ និង "ការតាមដាន ការវាយប្រហារ និងចាប់ជំរិត ជនបរទេសដែលរស់នៅក្នុងប្រទេសទួរគី។