
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តការលក់យានដ្រូនទំនើបទាន់សម័យក្នុងតម្លៃ ៤ពាន់លានដុល្លារទៅឲ្យប្រទេសឥណ្ឌាដែលចង់ធ្វើទំនើបកម្មយោធារបស់ខ្លួនក្នុងការប្រឈមជាមុខនឹងប្រទេសចិន បន្ទាប់ពីការពន្យារពេល ក្រោយពីការគ្រោងធ្វើឃាតលើទឹកដីសហរដ្ឋអាមេរិក។
ការលក់នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការទិញសព្វាវុធរបស់ឥណ្ឌាពីអាមេរិក បន្ទាប់ពីការពឹងផ្អែកជាប្រវត្តិសាស្ត្ររបស់ទីក្រុងញូវដែលីលើអាវុធពីរុស្ស៊ី ដែលមានភាពចម្រូងចម្រាសកាន់តែខ្លាំងឡើងដោយសារតែការដាក់ទណ្ឌកម្មលើការឈ្លានពានអ៊ុយក្រែន។
មន្ត្រីឥណ្ឌា បានពិភាក្សាអំពីការទិញយានដ្រូនក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi ) កាលពីឆ្នាំមុន តាមការអញ្ជើញរបស់លោកប្រធានាធិបតី ចូ បៃដិន ( Joe Biden) បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងឥណ្ឌាទាំងជាមួយចិន និងប៉ាគីស្ថានដែលជាសត្រូវជាប្រវត្តិសាស្ត្ររបស់ខ្លួន។
បន្ទាប់ពីពិភាក្សាជាច្រើនខែជាមួយសមាជិកសភាអាមេរិក និងឥណ្ឌា ក្រសួងការបរទេស បានជូនដំណឹងជាផ្លូវការអំពីការលក់ដែលរួមមានយានដ្រូន MQ-9B Sky Guardians ចំនួន៣១ គ្រឿង ដែលជាប្រភេទ យានដ្រូនទំនើបបំផុតក្នុងចំណោមយានដ្រូន Predator ដែលផលិតដោយក្រុមហ៊ុនGeneral Atomics ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បាននិយាយថា៖«ការលក់ដែលបានស្នើឡើងនេះ នឹងធ្វើឲ្យ ប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសឥណ្ឌាក្នុងការទប់ទល់នឹងការគម្រាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ដោយបើកឲ្យមានការឃ្លាំមើល និងឈ្លបយកការណ៍ដោយយានដ្រូននៅក្នុងប្រតិបត្តិការតាមផ្លូវសមុទ្រ។