
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ បានផ្សព្វផ្សាយវីដេអូបង្ហាញពីប្រតិបត្ដិការសឹកក្នុងក្រុងខាន យូនីស ស្ថិតនៅតំបន់ហ្កាហ្សាខាងត្បូង ដោយបានបន្ថែមថា កងទ័ពបានបំផ្លាញចោលរូងក្រោមដី ចំនួន៧០កំណាត់ និងបានវាយប្រហារនូវអ្វែដែលគេនិយាយថា ជាគោលដៅរបស់ភេរវជននោះ។
វីដេអូជាច្រើនដែលត្រូវបានចែកចាយដោយកងទ័ពជាតិអ៊ីស្រាអែល នៅលើគណនីតេឡេក្រាមផ្លូវការរបស់ពួកគេ និងបានបង្ហាញក្រុមទាហាន កំពុងរកកន្លែងជ្រក និងបាញ់ពីចម្ងាយ។ ទាហានអ៊ីស្រាអែលបាននិយាយថា កន្លែងពីរដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសសម្រាប់វាយប្រហារដោយរ៉ូកែតឆ្ពោះទៅទឹកដីអ៊ីស្រាអែលនោះ ត្រូវបានគេកំណត់មុខសញ្ញាបានហើយ។
រដ្ឋមន្រ្ដីការពារជាតិអ៊ីស្រាអែល លោកយ៉ាវ ហ្គាឡិន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ជោគជ័យនៅក្នុងការប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងក្រុងខាន យូនីស ភាគខាងត្បូងតំបន់ហ្កហ្សា ដែលជាកន្លែងអ៊ីស្រាអែលបានចាប់ផ្ដើមវាយប្រហារថ្មើរជើងទ្រង់ទ្រាយធំ កាលពីសប្ដាហ៍មុននោះ មានន័យថា កងទ័ពរបស់ខ្លួន អាចរុលទៅដល់ច្រកទ្វាររ៉ាហ្វា(Rafah)ដែលស្ថិតនៅព្រំដែនខាងត្បូងក្នុងតំបន់ហ៊ុមព័ទ្ធនេះ។
អ្នកយកព័ត៌មានReutersមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យទេពីទីតាំង ឬកាលបរិច្ឆេទនៅពេលដែលវីដេអូដែលគេថតបាននោះ៕