
ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) បានរាយការណ៍ថា ប្រធានសភារបស់ប្រទេសលីបង់ លោក ណាប៊ី ប៊ឺរី (Nabih Berri) កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសអ៊ីស្រាអែលចំពោះការវាយប្រហារកំណត់គោលដៅលើជនស៊ីវិល និងសង្កាត់លំនៅដ្ឋាន នៅក្នុងភូមិ និងទីប្រជុំជនភាគខាងត្បូងនៃប្រទេសលីបង់។
លោកប៊ឺរី បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងបេរូតជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដេវីត កាមេរូន (David Cameron)ថា៖«ការកំណត់គោលដៅរបស់អ៊ីស្រាអែលទៅលើជនស៊ីវិល គឺជាការរំលោភលើសេចក្តីសម្រេចលេខ១៧០១របស់អង្គការសហប្រជាជាតិ និងច្បាប់នៃការចូលរួម» ។
លោកប៊ឺរី បាននិយាយថា ប្រទេសលីបង់ បានប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចលេខ១៧០១ដែលត្រូវបានអនុម័ត ក្នុងខែសីហា ឆ្នាំ ២០០៦ ដើម្បីស្វែងរកការបញ្ចប់អរិភាពទាំងស្រុងភ្លាមៗ បន្ទាប់ពីសង្រ្គាមដែលបណ្តាលឲ្យមនុស្សស្លាប់ច្រើន រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានបញ្ចប់ដោយបទឈប់បាញ់ដ៏ផុយស្រួយ។
លោកកាមេរូន បានមកដល់ប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្វែងរកដំណោះស្រាយដែលរារាំងការកើនឡើងផ្នែកយោធា នៅ ប្រទេសលីបង់ភាគខាងត្បូង ហើយពិភាក្សាអំពីស្ថានភាព នៅតំបន់ហ្កា ហ្សាក៏ដូចជាទំនាក់ទំនងរវាងអង់គ្លេស និងលីបង់ផងដែរ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រី ណាជីប មីកាទី ( Najib Mikati) បាននិយាយថា ប្រទេសលីបង់គាំទ្រដំណោះស្រាយសន្តិភាព នៅក្នុងតំបន់ ដោយបន្ថែមថា ការគាំទ្ររបស់ចក្រភពអង់គ្លេស គឺមានសារៈសំខាន់ក្នុងការជំរុញក្នុងទិសដៅនេះ។