
ក្រុមមន្ត្រី នៅថ្ងៃសុក្រ (ទី២ ខែកុម្ភៈ) បានឲ្យដឹងថា ជនអន្តោប្រវេសន៍គ្មានឯកសារម្នាក់ទៅពីសហភាពមីយ៉ាន់ម៉ា បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងរត់គេចពីមជ្ឈមណ្ឌលឃុំឃាំងអន្តោប្រវេសន៍ជាមួយមនុស្សជាងមួយរយនាក់ផ្សេងទៀត នៅក្នុងប្រទេសម៉ាឡេស៊ី។
មេនគរបាលរដ្ឋ Perak លោក Mohd Yusri Hassan Basri (ម៉ូហ៍ យូស៊្រី ហាសសាន់ បាស៊្រី) បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រនេះថា ជនអន្តោប្រវេសន៍ចំនួន ១៣១នាក់ បានរត់ចេញពីមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍ Bidor ក្នុងរដ្ឋ Perak ភាគខាងលិចរបស់ប្រទេសម៉ាឡេស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ)។
ឧបទ្ទវហេតុនេះ គឺជាការរាយការណ៍ពីការលួចរត់លើកទី២ ពីមណ្ឌលឃុំឃាំងម៉ាឡេស៊ី ក្នុងរយៈពេលជាច្រើនឆ្នាំ។ នៅខែមេសា ឆ្នាំ២០២២ ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន ៥៨២នាក់ទៅពីប្រទេសមីយ៉ាន់ម៉ាបានរត់គេចពីស្ថានីយដាក់ជនអន្តោប្រវេសន៍មួយ នៅក្នុងរដ្ឋ Kedah ភាគខាងជើង។ ជនអន្តោប្រវេសន៍ ៦នាក់ ក្នុងចំណោមនោះ បានបាត់បង់ជីវិត បន្ទាប់ពីត្រូវរថយន្តបុកនៅលើផ្លូវហាយវ៉េមួយ។
ភ្នាក់ងារសារព័ត៌មាន Bernama របស់រដ្ឋ បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់នគរបាលរដ្ឋ Perak ថា ជនអន្តោប្រវេសន៍ដែលបានរត់គេចពីប្លុកស្ថានីយឃុំខ្លួនបុរសនោះ រួមមានជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន ១១៥នាក់ និងជនជាតិដើមមីយ៉ាន់ម៉ាចំនួន ១៦នាក់ផ្សេងទៀត។ សារព័ត៌មាន Bernama រាយការណ៍ថា បុរសដែលស្លាប់នោះ ត្រូវរថយន្តបុកនៅលើផ្លូវហាយវ៉េមួយ៕