បាល់ទាត់៖ សារព័ត៌មានបារាំង L’Equipe បានចុះផ្សាយថា អតីតខ្សែបំរើប្រធានក្រុមកាំភ្លើងធំ Arsenal, Patrick Vieira បានឈានដល់កិច្ចព្រមព្រៀងហើយ ក្នុងការដឹកនាំក្លិបបាល់ទាត់អង់គ្លេស Crystal Palace។
ការសំរេចជ្រើសរើសលោក Patrick Vieira ជាអ្នកចាត់ការថ្មីនេះបន្ទាប់ពី Crystal Palace បានបរាជ័យក្នុងការតែងតាំងលោក Lucian Favre តែក្រោយមកអតីតអ្នកចាត់ការ Dortmund រូបនេះក៏ផ្លាស់ប្តូរចិត្តវិញ។ Patrick Vieira បានក្លាយជាអ្នកចាត់ការទី៣ ហើយដែលឈានដល់កិច្ចព្រមព្រៀងដឹកនាំ Crystal Palace តែពីរនាក់មុនសុទ្ធតែបរាជ័យ។ សារព័ត៌មានដដែលបានចុះផ្សាយថា Patrick Vieira បានព្រមព្រៀងដឹកនាំ Crystal Palace ជាមួយនឹងកិច្ចសន្យាបីឆ្នាំ។
រំលឹកថា លោក Patrick Vieira មានប្រវត្តិដឹកនាំក្លិបអាជីពចុងក្រោយបំផុតនៅទឹកដីបារាំងដឹកនាំ OGC Nice នៅឆ្នាំ២០១៨ មុននឹងត្រូវបណ្តេញចេញកាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីដឹកនាំក្រុមចាញ់ ៥ប្រកួតជាប់គ្នា។ Patrick Vieira ដែលធ្លាប់ឈ្នះពាន Premier League ៣លើក និង FA Cup ៤លើកពេលជាកីឡាករនៅ Arsenal នោះក៏ធ្លាប់ជាគ្រូបង្វឹកនៅ Manchester City និងធ្លាប់ចំណាយពេល ២ឆ្នាំកន្លះដឹកនាំ New York City FC នៅក្របខណ្ឌអាមេរិក Major League Soccer ផងដែរ៕
អត្ថបទ៖នាង សុភាវុធ