.
ក្រុមមេដឹកនាំសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងជាឯកច្ឆ័ន្ទលើកញ្ចប់ជំនួយថ្មីសម្រាប់ប្រទេសអ៊ុយក្រែន ដែលកំពុងបង្កឲ្យមានការមិនពេញចិត្ដកាន់តែច្រើនឡើងៗ និងការតវ៉ាដ៏ហិង្សាចេញពីក្រុមកសិករនៅបណ្ដាប្រទេសនៅអឺរ៉ុប។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឆែល(Charles Michel) បាននិយាយនៅលើបណ្ដាញព័ត៌មានសង្គមថា ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ បានឯកភាពបន្ដផ្ដល់ជំនួយដែលមានទឹកប្រាក់៥០ពាន់លានអឺរ៉ូទៅឲ្យប្រទេសអ៊ុយក្រែន នៅឯជំនួបកំពូលពិសេស ហើយកញ្ចប់គាំទ្រសម្រាប់អ៊ុយក្រែន បានមកពីថវិការបស់សហភាពអឺរ៉ុប។
បាតុករជាច្រើននាក់ បានស្រែកពាក្យស្លោក ដោយរំពឹងថា ក្រុមមេដឹកនាំដែលចូលរួមជំនួបកំពូលពិសេសរបស់សហភាពអឺរ៉ុបនេះនឹងស្ដាប់សំឡេងរបស់ពួគេជាមិនខាន។ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាផ្នែកកសិកម្ម មិនត្រូវបានគេដាក់បញ្ចូលជារបៀបវារៈជាផ្លូវការនៃជំនួបកំពូលពិសេសនៅថ្ងៃនោះឡើយ។
ជាច្រើនសប្ដាហ៍មកហើយដែលក្រុមមន្រ្ដីសហភាពអឺរ៉ុប បានព្យាយាមដើម្បីឈានដល់ការសម្របសម្រួលមួយជាមួយប្រទេសហុងគ្រី ដើម្បីឲ្យទទួលបានកិច្ចព្រមព្រៀងមួយស្ដីពីកញ្ចប់ជំនួយរយៈពេល៤ឆ្នាំសម្រាប់ប្រទេសអ៊ុយក្រែន ដែលក្រុមមេដឹកនាំអឺរ៉ុបបានបរាជ័យ ក្នុងការឯកភាពគ្នានៅឯជំនួបកំពូលមួយកាលពីពាក់កណ្ដាលខែធ្នូឆ្នាំកន្លងទៅ៕