
សភារបស់ប្រទេសអេត្យូពីនៅថ្ងៃសុក្រ (ទី២ ខែមករា) នេះ បានបន្ថែមពេលវេលាអនុវត្តច្បាប់គ្រាអាសន្នរយៈពេល៤ខែទៀតដែលបានប្រកាសកាលពីខែសីហា ដើម្បីឆ្លើយតបទៅនឹងការបះបោរនៅក្នុងតំបន់ភាគខាងជើង Amhara (អាំហារ៉ា) ភាគខាងជើង ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ និងនាំឲ្យមានការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតំបន់ Amhara កាលពីខែកក្កដាឆ្នាំមុនរវាងកងកម្លាំងសហព័ន្ធ និងកងជីវពលក្នុងតំបន់ដែលមានឈ្មោះថា Fano ដែលបានចោទប្រកាន់រដ្ឋាភិបាលថា បានធ្វើឲ្យប៉ះពាល់សន្តិសុខក្នុងតំបន់។
ការដាក់រដ្ឋក្នុងភាពអាសន្ននេះ បានប្រគល់អំណាចដល់រដ្ឋាភិបាល ក្នុងការដាក់បម្រាមគោចរ រឹតបន្តឹងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយរបស់ប្រជាជន និងហាមឃាត់ការជួបជុំជាសាធារណៈ។ ចាប់តាំងពីខែសីហាមក កងកម្លាំងរដ្ឋាភិបាលបានវាយរុញឲ្យក្រុមជីវពល Fano ចេញពីទីក្រុង ប៉ុន្តែការប្រយុទ្ធបានបន្តនៅក្នុងទីក្រុងតូចៗ និងតំបន់ជនបទ។
សភាបានប្រាប់ឲ្យដឹងថា ការបន្លាយពេលវេលានេះត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងការពិភាក្សាក្នុងចំណោមសមាជិកសភា។ រដ្ឋាភិបាលបដិសេធថា ខ្លួនមិនបានស្វែងរកការបំផ្លាញសន្តិសុខរបស់តំបន់ Amhara នោះឡើយ។
ជម្លោះនៅទីនោះបានផ្ទុះឡើងមិនដល់ ១ឆ្នាំនោះឡើយ បន្ទាប់ពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Abiy Ahmed បានឈានដល់កិច្ចព្រមព្រៀងសន្តិភាព ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល ២ឆ្នាំ នៅក្នុងតំបន់ជិតខាង Tigray ដែលបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត៕