ភ្នំពេញ ៖ ប្រទេសកម្ពុជា និងប្រទេសថៃ បានប្តេជ្ញារួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទ និងការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខមាភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ ការប្តេជ្ញានេះ ធ្វើឡើក្នុងជំនូបរវាងរដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃប្រទេសថៃ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម ឈឺតគៀត អាតថាខន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតប្រទេសថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាក់កាពុង សុងម៉ានី អនុរដ្ឋមន្រ្តីប្រទេសថៃ ជួបសម្តែងការគួរសម នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឈឺតគៀត អាតថាខន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតប្រទេសថៃប្រចាំនៅកម្ពុជា បានសម្តែងនូវការអរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងជាពិសេសគឺអនុញ្ញាតឱ្យឯកឧត្តម ចាក់កាពុង សុងម៉ានី អនុរដ្ឋមន្រ្តីប្រទេសថៃបានភ្ជាប់ទូរស័ព្ទចូលមកក្នុងកិច្ចពិភាក្សានេះផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមចាក់កាពុង សុងម៉ានី អនុរដ្ឋមន្រ្តីប្រទេសថៃ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីបញ្ហាផ្សែងអ័ព្ទដែលតែងកើតឡើងជារៀងរាល់ឆ្នាំ ហើយបានបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ចំពោះបញ្ហានេះប្រទេសថៃចាំបាច់ត្រូវការការរួមចំណែកពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហាតំបន់តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបង្កើតឱ្យមានក្រុមការងារ ឧបករណ៍បច្ចេកទេសសម្រាប់ត្រួតពិនិត្យ និងដោះស្រាយលើបញ្ហានេះ និងប្រព័ន្ធHot-Lineពិសេសរវាងថៃនិងកម្ពុជា។ ឯកឧត្តមបន្តថា កន្លងមកនាយករដ្ឋមន្រ្តីថៃ ឯកឧត្តម ស្រេតដ្ឋា ទវីសិន ធ្លាប់បានជួបពិភាក្សាចំនួន២ដងរួចមកហើយជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតបចំពោះក្តីបារម្ភលើផ្សែងអ័ព្ទនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញនូវរបាយការណ៍ ដែលកម្ពុជាបានតាមដានគុណភាពខ្យល់តាមរយៈឧបករណ៍ស្វ័យប្រវត្តិ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់គឺឋិតក្នុងកម្រិតល្អប្រសើរ ដោយមានការប្រែប្រួលក្នុងកម្រិតតិចតួចប៉ុណ្ណោះ គឺកម្រិតភាគល្អិតនិចល PM2.5 មានជាមធ្យមចន្លោះពី ៩,២១ µg/m3 ទៅ ៣២,៦៨ µg/m3 (កម្រិតស្តង់ដារ PM2.5 គឺតូចជាង ៥០ µg/m3)។ ការនេះមិនមានការបង្ករហានិភ័យដល់សុខភាពប្រជាពលរដ្ឋកម្ពុជាទេ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបនឹងការបំពុលទាំងនៅលើគោក លើអាកាស និងនៅក្នុងទឹក ទើបក្នុងរយៈពេលជាង១០០ថ្ងៃកន្លងមកនេះ ឯកឧត្តមបានដាក់ចេញនូវយុទ្ធនាការ ផ្ទៃមេឃពណ៌ខៀវ (blue sky campaign) ដែលស្រដៀងនឹង Clear Sky របស់ប្រទេសថៃដែរ។
កម្ពុជា និងថៃបានប្តេជ្ញាចិត្តរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អទៅវិញទៅមក ឆ្លើយតបនឹងទប់ស្កាត់ផ្សែងអ័ព្ទ ការបំពុលដោយសំណល់ និងប្លាស្ទិកនៅក្នុងបរិយាកាស ដើម្បីជំរុញឱ្យប្រទេសជាមិត្តក្នុងតំបន់អាស៊ានមានភាពស្អាត គឺស្អាតទាំងបរិយាកាសជុំវិញ ស្អាតចិត្ត និងស្អាតសុខភាព៕ អត្ថបទ៖ទូច សោភ័ណ



