ភ្នំពេញ ៖ រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា អត្រានៃការឆ្លងមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា បន្តថយចុះជាលំដាប់ពី១.៨% នៅឆ្នាំ១៩៩៨, ១.២% នៅឆ្នាំ២០០៥, ០.៦% នៅឆ្នាំ២០១៧ និង០.៥%នៅឆ្នាំ២០២០។
ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រីវេជ្ជបណ្ឌិត Vladanka Andreeva នាយិកាប្រចាំប្រទេសរបស់ការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) ក្នុងប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាទីសី្តការក្រសួងព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។
ឯកឧត្តម រដ្ឋមន្រី្ត បានបន្តថា UNAIDS គឺជាដៃគូដ៏យូរអង្វែង ដែលបានចូលមកប្រទេសកម្ពុជា តាំងពីការចាប់ផ្តើមរាលដាលនៃមេរោគអេដស៍ និងការឆ្លើយតបលើកដំបូងក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០ ដោយបានជួយគាំទ្រផ្នែកបច្ចេកទេសលើការរៀបចំផែនការយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាន់ពេលវេលា និងត្រូវទិសដៅ ផ្អែកលើភស្តុតាងវិទ្យាសាស្រ្ត និងអេពីដេមីសាស្រ្ត រហូតបានទទួលជោគជ័យជាបន្តបន្ទាប់។
ជាការឆ្លើយតបលោកស្រីវេជ្ជបណ្ឌិត Vladanka Andreeva បានជម្រាបជូនឯកឧត្តម រដ្ឋមន្រី្តថា អង្គការសហប្រជាជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានសហការគាំទ្រមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍ សើស្បែក និងកាមេរោគ ជាពិសេសរយៈពេល៤ឆ្នាំ នៃអាណតិ្តរបស់លោកស្រី UNAIDS បានជួយលើការងារដឹកនាំរៀបចំផែនការយុទ្ធសាស្រ្ត ការអនុវត្តផែនការ ការតាមដាន និងវាយតម្លៃ ការកៀរគរធនធាន ការរៀបចំលើកគម្រោងថវិកាសម្រាប់ជាជំនួយឥតសំណង ពីមូលនិធិសកលសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២១-២០២៣ ក្នុងការគាំទ្រ ការឆ្លើយតបការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ និងជួយផ្តល់ការប្រឹក្សារៀបចំផែនការយុទ្ធសាស្រ្តសម្រាប់បង្ការ និងថែទាំជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២១-២០២៥។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម រដ្ឋមន្រី្តក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ដែលតែងតែគាំទ្រកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ទាំងបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការកៀរគរធនធានថវិកាគាំទ្រឲ្យការងារទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍៕
អត្ថបទ រដ្ឋា




