តុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនមានអំណាចច្បាប់ក្នុងការចេញសេចក្តីសម្រេចភាគច្រើននៃសំណុំរឿង ដែលនាំមកដោយប្រទេសអ៊ុយក្រែន ជុំវិញការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ី ក្នុងឆ្នាំ ២០២២ ដោយទីក្រុងគីវ បានជំរុញឱ្យមានសំណង។ អ៊ុយក្រែន បានទាញរុស្ស៊ី ឲ្យមកប្រឈមមុខនៅតុលាការយុត្តិធម៌អន្តរជាតិ រយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយលុក ដោយស្វែងរកការប្រយុទ្ធជាមួយប្រទេសជិតខាងនៅសមរភូមិមុខទាំងអស់ ទាំងផ្លូវច្បាប់ ទាំងផ្នែកការទូត និងយោធា។ នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជា ឱ្យមានការឈ្លានពានកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលផ្នែកនៃការអះអាងរបស់លោកគឺ ប្រជាជនដែលគាំទ្ររុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនជាគោលដៅទទួលរងការគំរាមកំហែង និងការប្រល័យពូជសាសន៍ដោយរបបទីក្រុងគីវ។ អ៊ុយក្រែន បានដាក់ពាក្យបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដោយបដិសេធយ៉ាងដាច់ខាតនូវរឿងនេះ ហើយលើកហេតុផលថា ការប្រើប្រាស់អំពើប្រល័យពូជសាសន៍របស់រុស្ស៊ី ជាលេសសម្រាប់ការវាយលុក ដែលបានប្រឆាំងទៅនឹងអនុសញ្ញាប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិឆ្នាំ ១៩៤៨ ។ នៅក្នុងសេចក្តីសម្រេចបឋម ក្នុងខែមីនា ឆ្នាំ ២០២២ តុលាការ ICJ បាននៅខាងភាគីអ៊ុយក្រែន ហើយបានបង្គាប់ឱ្យរុស្ស៊ី បញ្ឈប់ការឈ្លានពានរបស់ខ្លួនជាបន្ទាន់។ ប៉ុន្តែរុស្ស៊ី បានច្រានចោលការវិនិច្ឆ័យនេះ ដោយនិយាយថាតុលាការ ICJ ដែលសម្រេចលើវិវាទរវាងរដ្ឋ ទាំងពីរ ពុំមានសិទ្ធិស្របច្បាប់ក្នុងការសម្រេចចិត្តក្នុងរឿងនេះទេ។ តុលាការ ICJ កាលពីថ្ងៃសុក្រ បានច្រានចោលការអះអាងរបស់ទីក្រុងមូស្គូ ដោយនិយាយថា ខ្លួនមានអំណាចផ្លូវច្បាប់ក្នុងការចេញសេចក្តីសម្រេចលើរឿងនេះ។ ទោះយ៉ាងណា អ៊ុយក្រែន បាននិយាយនៅក្នុងការដាក់ស្នើរបស់ខ្លួនថា ការប្រើប្រាស់កម្លាំងរបស់រុស្ស៊ី ក្នុងអំឡុងពេលឈ្លានពាន ប្រទេសនេះប្រព្រឹត្តផ្ទុយទៅនឹងអនុសញ្ញាប្រល័យពូជសាសន៍។

