ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសថា ក្នុងរយៈពេល ២៣ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេសបានដោះស្រាយរូចរាល់នូវសំណុំរឿងអត្រានុកូលដ្ឋាន បានជាង៤៧ភាគរយក្នុងចំណោមសំណុំរឿងជិត៩ពាន់ទំាង ថ្មី និងចាស់។
តាមរយៈឆាណែលតេលេក្រាមរបស់ក្រសួងយុត្តិធម៌បានបញ្ជាក់ថាក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៃក្រសួងយុត្តិធម៌ សូមជូននូវទិន្នន័យសង្ខេបនៃសំណុំរឿងអត្រានុកូលដ្ឋាននៅសាលាដំបូងរាជធានីខេត្ត ដែលក្នុងនោះរួមមាន សំណុំរឿងដែលសាលាដំបូងរាជធានី-ខេត្ត ដែលមានមុនយុទ្ធនាការ មានចំនួនសរុប៦,៨៥០ សំណុំរឿង, សំណុំរឿងចូលថ្មីក្រោយពេលប្រកាសបើកយុទ្ធនាការ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មានចំនួនសរុប១,៨៨០សំណុំរឿង។
ប្រភពបានបន្តថា សរុបសំណុំដែលនៅសល់មុនយុទ្ធនាការ និងសំណុំរឿងចូលថ្មីក្រោយប្រកាសបើកយុទ្ធនាការ មានចំនួនសរុប ៨,៧៣០សំណុំរឿង ហើយរយៈពេល ២៣ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ សាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានដោះស្រាយរូចរាល់នូវសំណុំរឿងអត្រានុកូលដ្ឋាន បានចំនួនសរុប៤៧.២០ភាគរយសំណុំរឿង ចូលថ្មី។
តាមរយៈឆាណែលតេលេក្រាមនេះដែរ ក្រសួងយុត្តិធម៌ ក៏បានប្រកាសចំពោះបងប្អូនសាធារណជនដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ សូមទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងយុត្តិធម៌ផងដែរ តាមរយៈទូរស័ព្ទលេខដូចខាងក្រោមនេះគឺ០៩៩៤៤៤១៨១៕ អត្ថបទ ៖ បាន ចក់
