ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា បានផ្ទុះរាលដាលខ្លាំង កាលពីថ្ងៃសុក្រ ដែលមនុស្សមួយចំនួន ត្រូវបានរាយការណ៍ថាបានស្លាប់កាលពីពេលយប់ បន្ទាប់ពីអ្នកសម្រុះសម្រួលមកពីប្រទេសកាតា បាននិយាយថា ក្រុមហាម៉ាស បានផ្តល់ការគាំទ្រដំបូងរបស់ខ្លួនដល់កិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូរ និងអ្នកទោស ដែលនឹងផ្អាកសង្គ្រាមរបស់ខ្លួនជាមួយអ៊ីស្រាអែល។ ក្រសួងសុខាភិបាល នៅក្នុងដែនដីគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្ស១១២នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល២៤ម៉ោងមុននេះ ខណៈការិយាល័យសារព័ត៌មានរបស់ហាម៉ាស បានរាយការណ៍ពីការទម្លាក់គ្រាប់បែកតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំរបស់អ៊ីស្រាអែលនៅជុំវិញទីក្រុង Khan Younis ជាទីក្រុងធំនៅតំបន់ហ្កាហ្សាភាគខាងត្បូង និងការផ្តោតសំខាន់លើការប្រយុទ្ធនាពេលថ្មីៗនេះ។ ពលរដ្ឋទីក្រុងហ្កាហ្សា លោកស្រី អាប់ប៊ី អាល់ ម៉ាឌុន(Abir al-Madhun) បាននិយាយថា ខិត្តប័ណ្ណជាច្រើន កំពុងអំពាវនាវឱ្យជនស៊ីវិលចាកចេញ ដែលត្រូវបានទម្លាក់ម្តងទៀតដោយយន្តហោះអ៊ីស្រាអែល នៅបរិវេណមន្ទីរពេទ្យ Al-Shifa ជាកន្លែងដែលលោកស្រី បានស្វែងរកការជ្រកកោន។ លោកស្រី បានសួរថា លំនៅឋានរបស់យើង ត្រូវបានបំផ្លាញ កូនៗរបស់យើងត្រូវបានគេសម្លាប់ តើពួកយើងគួរទៅណា? ។ ការបាញ់ប្រហារ ត្រូវតែបញ្ឈប់ ដូច្នេះយើងអាចរកកន្លែងរស់នៅបាន។ អង្គការសហប្រជាជាតិ បាននិយាយថា ការប្រយុទ្ធគ្នារយៈពេលជិតបួនខែ បានធ្វើឱ្យតំបន់ហ្កាហ្សាគ្មានមនុស្សរស់នៅ ខណៈការហ៊ុមព័ទ្ធរបស់អ៊ីស្រាអែល បានបណ្តាលឱ្យមានការខ្វះស្បៀងអាហារ ទឹក ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។ ព្យុះរដូវរងា បាននាំមកនូវភ្លៀងធ្លាក់យ៉ាងគំហុក ទៅកាន់តំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ ដោយបានបង្កភាពទុក្ខព្រួយបន្ថែមទៀតដល់ជនស៊ីវិលរាប់សែននាក់ ដែលបានភៀសខ្លួនពីលំនៅឋាន ស្វែងរកទីជម្រកនៅអគារនាចេញឆ្ងាយពីការទម្លាក់គ្រាប់បែក និងរស់នៅក្នុងជំរំបណ្តោះអាសន្ន។ វិបត្តិមនុស្សធម៌ និងចំនួនអ្នកស្លាប់ជនស៊ីវិល កើនឡើង បានបង្កឱ្យមានការអំពាវនាវជាអន្តរជាតិឱ្យមានបទឈប់បាញ់។

