អុីស្រាអែល ៖ អ៊ីស្រាអែល បាននិយាយថា កងទ័ពនឹងផ្លាស់ទីទៅក្នុងជំរំជនភៀសខ្លួន និងទីក្រុងរ៉ហ្វា ( Rafah) នាពេលឆាប់ៗនេះ ដែលជាតំបន់សុវត្ថិភាពចុងក្រោយគេបង្អស់សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវឡោមព័ទ្ធ ជាកន្លែងដែលមនុស្សជាងមួយលាននាក់ ត្រូវបានបំបែកឲ្យនៅឆ្ងាយពីគេ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីសម្រេចបាននូវគោលបំណងយោធា នៅក្នុងទីក្រុងខាន់យូនីស ( Khan Younis ) នៅតំបន់ហ្កាហ្សាភាគខាងត្បូង ឥឡូវនេះ កងកម្លាំង នឹងចូលទៅក្នុងទីក្រុងរ៉ាហ្វា ដែលកាន់តែឆ្ងាយ ទៅភាគខាងត្បូង និងមានទីតាំងនៅព្រំដែនជាមួយប្រទេសអេហ្ស៊ីប។
ការផ្លាស់ប្តូរទៅកាន់ទីក្រុងរ៉ាហ្វា បានធ្វើឲ្យមានការភ័យខ្លាចជាថ្មីថា ជនស៊ីវិលប៉ាឡេស្ទីន នឹងលែងមានកន្លែងសម្រាប់ភៀសខ្លួនពីអំពើហិង្សាទៀតហើយ ខណៈដែលតំបន់ហ្កាហ្សាស្ទើរតែទាំងអស់ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល។ អ៊ីស្រាអែល បានកំណត់តំបន់រ៉ាហ្វា ជាតំបន់សុវត្ថិភាព ទោះបីជាអ្នករិះគន់និយាយថា គ្មានកន្លែងណានៅតំបន់ហ្កាហ្សា មានសុវត្ថិភាពក៏ដោយ។
យោងតាមអង្គការសហប្រជាជាតិ ប្រជាជនប៉ាឡេស្ទីនប្រមាណ ១,៧ លាននាក់ ស្ថិតនៅក្នុងទីក្រុងរ៉ាហ្វា បន្ទាប់ពីត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេនៅតំបន់ហ្កាហ្សា។ ទីក្រុងនេះ ធ្លាប់មានប្រជាជនប្រហែល ២៥០.000នាក់ ដោយធ្វើឲ្យវាមានភាពចង្អៀតណែនតាន់តាប់យ៉ាងខ្លាំង។

