អុីសា្រអែល ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងចូលរួមក្នុងសមយុទ្ធនយោបាយដ៏ខ្លាំងក្លា ខណៈដែលសម្ពាធ កើនឡើងទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីដោះលែងចំណាប់ថ្នូរដែលឃុំខ្លួននៅតំបន់ហ្កាហ្សា និងនាំឲ្យការប្រយុទ្ធគ្នា ត្រូវបញ្ឈប់។
សំណើរដោះលែងចំណាប់ថ្នូរ ជាថ្នូរនឹងការផ្អាកការវាយលុករបស់អ៊ីស្រាអែលនៅលើទឹកដីប៉ាឡេស្ទីន កំពុងត្រូវបានសិក្សាដោយមេដឹកនាំក្រុមហាម៉ាស បន្ទាប់ពីវាត្រូវបានពិភាក្សាដោយអ៊ីស្រាអែល កាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប៊្លីនខិន ( Antony Blinken) ត្រូវបានគេរំពឹងថា នៅក្នុងប្រទេសអ៊ីស្រាអែលក្នុងពេលឆាប់ៗនេះសម្រាប់ការពិភាក្សាជាមួយលោកណេតានីយ៉ាហ៊ូលើសំណើនេះ។
ប៉ុន្តែសមាជិកស្តាំនិយមនៃរដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចរបស់អ៊ីស្រាអែល បាននិយាយថា ពួកគេនឹងទម្លាក់រដ្ឋាភិបាលរបស់លោកណេតាន់យ៉ាហ៊ូ ប្រសិនបើសំណើនេះ ត្រូវបានយល់ព្រម ដោយរដ្ឋមន្ត្រីសន្តិសុខជាតិលោក អ៊ីតាម៉ា បេនហ្គ្វី ( Itamar Ben-Gvir) បានព្រមានសភាកាលពីថ្ងៃពុធថា «កិច្ចព្រមព្រៀងដ៏គ្រោះថ្នាក់ មានន័យថា ជាការរំលាយរដ្ឋាភិបាល»។

