អង់គ្លេស ៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដេវីដ កាមេរូន (David Cameron) បាននិយាយថា លោកបានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ឲ្យ«ចាប់ផ្តើមនិយាយអំពីរឿងដែលរដ្ឋប៉ាឡេស្ទីន អាចជាជាងរឿងដែលវាមិនអាច» ដោយបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់អង់គ្លេសចំពោះដំណោះស្រាយរដ្ឋពីរ។
សង្គ្រាមនៅតំបន់ហ្កាហ្សា បានផ្តោតការយកចិត្តទុកដាក់ជាថ្មីលើដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលនៅតែមើលឃើញដោយប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកថា ជាផ្លូវឆ្ពោះទៅរកសន្តិភាព ទោះបីជាដំណើរការចរចារមានភាពយឺតយ៉ាវអស់ជាច្រើនឆ្នាំក៏ដោយ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍លីបង់ LBCI ដែលចាក់ផ្សាយកាលពីថ្ងៃសុក្រ លោកកាមេរូន បាននិយាយថា ផ្នែកមួយនៃគោលនយោបាយរបស់អង់គ្លេស គឺនិយាយថា នឹងមានពេលវេលាមួយ ដែលចក្រភពអង់គ្លេស នឹងសម្លឹងរកមើលការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន រួមទាំងនៅអង្គការសហប្រជាជាតិផងដែរ។
លោកបានថ្លែងថា៖«វាមិនអាចនៅដំណាក់កាលចាប់ផ្តើមនៃដំណើរការបានទេ។ ដំណើរការ ត្រូវតែអនុវត្ត ។ ប៉ុន្តែវាមិនចាំបាច់នៅចុងបញ្ចប់នៃដំណើរការនោះទេ»។
លោកណេតាន់យ៉ាហ៊ូ បានសម្តែងការប្រឆាំងចំពោះអធិបតេយ្យភាពប៉ាឡេស្ទីន ដោយនិយាយថា លោកនឹងមិនសម្របសម្រួលលើការគ្រប់គ្រងសន្តិសុខពេញលេញរបស់អ៊ីស្រាអែល នៅភាគខាងលិចនៃហ្ស៊កដានី ហើយថា ទង្វើនេះ ផ្ទុយទៅនឹងរដ្ឋប៉ាឡេស្ទីន។

