ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ ដកហូតគ្រឿងញៀនជាង ១០គីឡូក្រាម ។
នគរបាលប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២០ និង១៥នាទី កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្រាវជ្រាវ បង្រ្កាបបទល្មើសគ្រឿងញៀម ៤គោលដៅផ្សេងគ្នានៅរាជធានីភ្នំពេញ ។
នគរបាលប្រាប់បន្តឲ្យដឹងថា គោលដៅទី១៖ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ជនសង្ស័យឈ្មោះ ខាត់ សាវុធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ វត្ថុតាងសារធាតុញៀនចំនួន ប្រភេទ MDMA សរុបចំនួន ៣០០កញ្ចប់ ទម្ងន់ ២ ៦២១.១០ក្រាម និងម៉ូតូកង់បី១គ្រឿង។ គោលដៅទី២៖ នៅវេលាម៉ោង២១៖១០នាទី បន្ទប់ជួលលេខ៨ ផ្លូវលំ ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ ឈ្មោះ ច័ន្ទ សុភ័ក្រ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ វត្ថុតាងសារធាតុញៀន ចំនួន ៨៧៣ កញ្ចប់ ទម្ងន់ ៧ ៦៤៥.៩៣ក្រាម និងម៉ូតូ១គ្រឿង។ គោលដៅទី៣៖ វេលាម៉ោង២២៖៣០នាទី ក្បែរផ្សារសូរិយា សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ ឈ្មោះ វ៉ាន់ សុធារាជ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។ គោលដៅទី៤៖ វេលាម៉ោង ២៣៖៣០នាទី ក្បែររង្វង់មូលនាងមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ ឈ្មោះ សុខ យ៉ាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ។ សរុបសារធាតុញៀនប្រភេទ (MDMA) ចំនួន ១ ១៧៣ កញ្ចប់ ស្មើ ទម្ងន់ជាង ១០គីឡូក្រាម ។
ចំពោះជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ តារាវុទ្ធី


