ពោធិ៍សាត់៖ នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម ស៊ុយ សែម សមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋឃុំស្យា ស្រុកកណ្ដៀង។ ពិធីនេះប្រារព្ធធ្វើនៅអនុវិទ្យាល័យស៊ុយ សែម នទីសេដ្ឋា ដោយមាការចូលរួមពីលោក រុន សារី អភិបាលរងខេត្ត លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកកណ្ដៀង និងលោក វិន ឡៃ ប្រធានក្រុមប្រឹក្សាឃុំស្យាផងដែរ។
ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា ថ្ងៃនេះយើងជួបជុំគ្នា មានទាំងមេឃុំ មេភូមិ ចាស់ព្រឹទ្ធាចារ្យ លោកតាលោកយាយ គ្រូបង្រៀន គ្រូពេទ្យ នគរបាលប៉ុស្ដិរដ្ឋបាល យុវជន និងប្រជាពលរដ្ឋគ្រប់ភូមិ ដើម្បីដឹងសុខដឹងទុក្ខគ្នាទៅវិញទៅមក ហើយក៍ជាវេទិកាសាធារណៈមួយ បើកចំហរឲ្យបងប្អូនលើកឡើងនូវបញ្ហាប្រឈមនានា ជាក្ដីកង្វល់ ជាសំណូមពរ ដើម្បីយកមកដោះស្រាយ។ រាល់បញ្ហាឬសំណូមពរ បើអាចដោះស្រាយបាន ឯកឧត្តមនឹងដោះស្រាយជូនភ្លាមៗ តែបើមិនអាចដោះស្រាយបានទេ យើងនឹងបញ្ជូនទៅស្រុក ទៅខេត្ត ទៅរដ្ឋសភា និងទៅរាជរដ្ឋាភិបាលបន្តទៀត គឺមិនអាចទុកចោលនោះទេ។
អង្គវេទិកាបានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ពិសេសតាមភូមិនីមួយៗ សុំធ្វើផ្លូវថ្មី ជួសជុលផ្លូវចាស់ជាគ្រួសក្រហម សុំជួយសាងសង់ស្ពាន ទំនប់បង្ហៀរ ទ្វាទឹក និងរ៉ទឹកជាដើម។ រាល់បញ្ហាទាំងអស់ បានត្រូវឯកឧត្តម ស៊ុយ សែម លោកអភិបាលស្រុកកណ្ដៀង និងលោកមេឃុំស្យា ដោះស្រាយជូនភ្លាមៗ ព្រមទាំងបានបំភ្លឺជូនទៅតាមលក្ខណៈការងារ និងនីតិវិធីច្បាប់។ក្នុងឱកាសនោះឯកឧត្តម ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានចូលរួមថវិកាកសាងស្ពានឆ្លងអូរ ក្នុងភូមិមួយកន្លែង ព្រមទាំងបានជូនថ្នាំពេទ្យម្នាក់ៗ៣០គ្រាប់ ដល់បងប្អូនប្រជាពលរដ្ឋប្រមាណ៤០០នាក់ ដែលចូលរួមផងដែរ ៕
អត្ថបទ ភិរុណ ពៅ















