
លោកប្រធានាធិបតី Gabriel Boric និយាយថា ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះនៅតំបន់ភាគកណ្តាលប្រទេសឈីលី បានសម្លាប់មនុស្សយ៉ាងហោច ៤៦នាក់ ហើយលោកបានព្រមានថា ចំនួនមនុស្សស្លាប់នេះ ទំនងជាបន្តកើនឡើងបន្ថែមទៀត ។
ផ្សែងខ្មៅយ៉ាងក្រាស់ បានគ្របដណ្តប់លើផ្ទៃមេឃនៅផ្នែកជាច្រើននៃតំបន់ Valparaiso ជាកន្លែងដែលមានពលរដ្ឋរស់នៅជិត ១លាននាក់ ខណៈដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រើប្រាស់ឧទ្ធម្ភាគចក្រ និងរថយន្តពន្លត់អគ្គិភ័យ ដើម្បីទប់ស្កាត់អណ្តាតភ្លើង ។
ក្រុមអាជ្ញាធរឈីលី និយាយកាលពីថ្ងៃសៅរ៍ថា តំបន់ជុំវិញទីក្រុងឆ្នេរទេសចរណ៍ Vina del Mar បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ហើយក្រុមជួយសង្រ្គោះ បានប្រឹងប្រែងធ្វើដំណើរទៅដល់តំបន់រងផលប៉ះពាល់ទាំងអស់ ។
លោក Boric បានធ្វើបច្ចុប្បន្នភាពករណីភ្លើងឆេះព្រៃនេះ ដោយលោកបញ្ជាក់ថា មនុស្ស ៤០នាក់ បានស្លាប់នៅក្នុងភ្លើងឆេះព្រៃ ហើយមនុស្ស ៦នាក់ផ្សេងទៀត បានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសារការរលាក ។
ទីភ្នាក់ងារគ្រោះមហន្តរាយឈីលី Senapred និយាយថា ចំនួនមនុស្សស្លាប់នេះ មានន័យថាជាករណីស្លាប់មនុស្សច្រើនបំផុតដោយសារភ្លើងឆេះព្រៃនៅឈីលី ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ។
ដោយឡែក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឈីលីលោកស្រី Carolina Toha បាននិយាយថា នៅទូទាំងប្រទេសមានករណីភ្លើងឆេះព្រៃកំពុងឆាបឆេះចំនួន ៩២កន្លែង ធ្វើឲ្យប៉ះពាល់ដល់ដីព្រៃជាង ៤៣.០០០ហិចតា ។
សូមបញ្ជាក់ថា ភ្លើងឆេះព្រៃមិនមែនជារឿងចម្លែកនោះទេនៅក្នុងប្រទេសឈីលីអំឡុងរដូវក្តៅ ហើយកាលពីឆ្នាំមុន ដោយសាររលកកំដៅក្តៅខ្លាំង មនុស្ស ២៧ នាក់បានស្លាប់ ហើយដីព្រៃជាង ៤០ម៉ឺនហិកតា បានរងផលប៉ះពាល់ ៕