
ក្រុមនគរបាលបារាំង និយាយថា មនុស្ស ៣នាក់ បានរងរបួសក្នុងករណីវាយប្រហារដោយកាំបិតនៅស្ថានីយ៍រថភ្លើង Gare de Lyon ស្ថិតក្នុងទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ។
ពួកគេនិយាយថា ពួកគេចាប់បានខ្លួនជនវាយប្រហារសង្ស័យ ។
ជនរងគ្រោះ ២នាក់ បានរងរបួសស្រាល ខណៈដែលជនរងគ្រោះទី ៣ បានរងរបួសធ្ងន់ជាងគេ ។
ក្រុមនគរបាលបន្តថា ជនរងគ្រោះទាំង ៣នាក់ពុំស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតនោះទេ ។
ដោយឡែក មូលហេតុនៃការវាយប្រហាររបស់ជនងសង្ស័យ ពុំត្រូវបានគេដឹងច្បាស់ភ្លាមៗនោះដែរ ។
កាសែត Le Figaro បានរាយការណ៍ដោយលើកឡើងប្រភពពីនគរបាលសុំមិនបញ្ចេញឈ្មោះថា ជនវាយប្រហារនៅស្ថានីយ៍រថភ្លើង Gare de Lyon មកពីប្រទេសម៉ាលី និងកាន់ប័ណ្ណបើកបរអ៊ីតាលី ។
គួរឲ្យដឹងថា បារាំងបានរងការវាយប្រហារជាច្រើនលើករបស់ក្រុមជីវពលអ៊ីស្លាម នារយៈពេល ១ទសវត្សរ៍កន្លងមកនេះ ប៉ុន្តែពេលខ្លះពួកគេ បានរងការវាយប្រហារដោយមនុស្សមានបញ្ហាផ្លូវចិត្តផងដែរ ៕