
ក្រុមប្រជាកសិករស្វីស បានបើកត្រាក់ទ័ររបស់ពួកគេទៅកាន់ទីក្រុងហ្សឺណែវ ដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការចំណាយកើនឡើង ហើយនិងការធ្លាក់ថ្លៃផលិតផលរបស់ពួកគេ ដែលជាចលនាមួយរីករាលដាលនៅទូទាំងអឺរ៉ុប ។
បាតុកម្មរួមមានត្រាក់ទ័រ ៣០គ្រឿង បានចតនៅក្នុងទីលានចតុរង្គ ស្ថិតនៅកណ្តាលទីក្រុងធំបំផុតទី ២របស់ប្រទេសស្វីសមួយនេះ ដោយពួកគេកាន់ស្លាកសញ្ញា និងបដាសរសេរពាក្យ “ការបញ្ចប់របស់ពួកយើង នឹងក្លាយជាភាពស្រេកឃ្លានរបស់អ្នក” ។
លោក Lionel Dugerdil គឺជាអ្នកផលិតស្រាទំពាំងបាយជូ និងជាកសិករមួយរូបមកពីស្រុក Satigny និយាយថា ក្តីបារម្ភរបស់ខ្ញុំគឺកសិកម្មនឹងលែងមានតទៅទៀតនៅក្នុងប្រទេសស្វីស ។
ដោយឡែក នៅតំបន់ Basel ក្រុមកសិករនាំគ្នាបើកត្រាក់ទ័រ ៤០គ្រឿង ដើម្បីចូលរួមធ្វើបាតុកម្មផងដែរ ។
បាតុកម្មរបស់កសិករ បានផ្ទុះឡើងនៅតាមបណ្តាប្រទេសជាច្រើននៅអឺរ៉ុប ដែលជាសញ្ញាមួយនៃការខឹងសម្បារចំពោះការធ្លាក់ថ្លៃផលិតផលរបស់ពួកគេ ការចំណាយកើនឡើង ការនាំចូលថោក និងការកំហិតដែលដាក់ជូនដោយសហភាពអឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ៕