
មនុស្សប្រហែល ១៥ម៉ឺននាក់ បានជួបជុំគ្នាតាមដងផ្លូវនៅក្នុងទីក្រុងប៊ែរឡាំងកាលពីថ្ងៃសៅរ៍ ស្របពេលដែលបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងគណបក្សនិយមស្តាំជម្រើសផ្សេងរបស់អាល្លឺម៉ង់ (AfD) បានឈានដល់សប្តាហ៍ទី ៤ ។
នៅក្នុងទីក្រុងប៊ែរឡាំង មនុស្សបានជួបជុំគ្នានៅមុខអគារសភា Reichstag ជាកន្លែងដែលក្រុមបាតុករជួបជុំគ្នាក្រោមពាក្យស្លោក “យើងជារបាំង” ។
ក្រុមអ្នករៀបចំបាតុកម្ម បានប្រាប់ឲ្យហ្វូងមនុស្សកាន់ដៃគ្នា ដើម្បីធ្វើជានិមិត្តសញ្ញា “របាំងមនុស្ស” ។
បាតុកម្មនេះដែរ បានកើតមានឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីខែមុនថា សមាជិកជាន់ខ្ពស់ ២រូបរបស់គណបក្ស AfD បានចូលរួមជំនួប ដើម្បីពិភាក្សាលើការនិរទេសទ្រង់ទ្រាយធំពលរដ្ឋមានដើមកំណើតបរទេស ។
ការស្ទង់មតិរបស់ Forsa បានបង្ហាញនៅដើមសប្តាហ៍នេះថា ការគាំទ្រគណបក្ស AfD ធ្លាក់ចុះមកនៅក្រោម ២០ភាគរយ ជាលើកដំបូង ចាប់តាំងពីខែកក្កដា ឆ្នាំមុនរហូតមក ក្នុងនោះក្រុមអ្នកបោះឆ្នោតជំរុញឲ្យមានបាតុកម្មទូទាំងប្រទេសប្រឆាំងក្រុមនិយមស្តាំមួយនេះ ៕