
កងបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានបញ្ចេញរូបថតសន្លឹកបង្ហាញពីប្រតិបត្តិការរបស់ជើងហោះហើរ និងការវាយប្រហារដោយមីស៊ីលលើគោលដៅក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន ។
សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារលើគោលដៅ ៣៦កន្លែងនៅថ្ងៃទី ២នៃប្រតិបត្តិការទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកលើក្រុមមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារស្លាប់ទាហានអាមេរិក កាលពីចុងសប្តាហ៍មុន ។
មន្ទីរបច្ចកោណនិយាយថា ការវាយប្រហារទាំងនេះ ត្រូវចំឃ្លាំងស្តុកអាវុធកប់ក្នុងដី ប្រព័ន្ធមីស៊ីល ជើងទម្របាញ់មីស៊ីល និងទីតាំងជាច្រើនកន្លែងទៀត ដែលក្រុមឧទ្ទាមហ៊ូធី បានប្រើប្រាស់ដើម្បីវាយប្រហារការដឹកជញ្ជូននៅក្នុងសមុទ្រក្រហម ។
វាគឺជាសញ្ញាចុងក្រោយនៃជម្លោះរីករាលដាលក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្រោយការវាយប្រហារស្លាប់មនុស្សរបស់ក្រុមជីវពលប៉ាឡេស្ទីនលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ៕